រដ្ឋមន្ត្រីអប់រំជួបអង្គការបរទេស ទទួលជំនួយសាងសង់អគារសិក្សាដែលរងផលប៉ះពាល់ពីសង្រ្គាមព្រំដែន
អុន សម្ផស្ស
08 កញ្ញា 2025 11:30 AM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកញ្ញានេះ បានទទួលជួបសំណេះសំណាល និងទទួលកញ្ចប់ថវិកាពីប្រតិភូអង្គការដើម្បីភាពញញឹមនៃកុមារ PSE ដែលបានគាំទ្រការជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សារងការប៉ះពាល់ដោយសង្រ្គាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ..។

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូអង្គការPSE។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូអង្គការPSE។

តាមរយៈជំនួបសំណេះសំណាលនៅទីស្តីការក្រសួង ប្រតិភូអង្គការ PSE ដឹកនាំដោយ លោកស្រី លក្ខិណា ដេប៉ាលីយែរ នាយកគ្រប់គ្រងទូទៅ បានរៀបចំកញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារអាម៉េរិក ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ ក្នុងការជួសជុល និងសាងសង់ឡើងវិញនូវអគារសិក្សាដែលទទួលរងការប៉ះពាល់ដោយសង្គ្រាម ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។ ទន្ទឹមគ្នានោះ លោកស្រី ក៏បានគោរពថ្លែងអំណរគុណដល់ក្រសួងអប់រំ ចំពោះការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់នូវរាល់គម្រោងពាក់ព័ន្ធនឹងវិស័យអប់រំជាមួយ PSE និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រវិស័យអប់រំបន្ថែមទៀត។ 

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការ ចំពោះការបន្តជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា។ ក្នុងពេលជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកពីបច្ចុប្បន្នភាពស្ថានភាព នៅតំបន់ព្រំដែនកម្ពុជា ជាប់ជាមួយថៃ ដែលមកដល់ពេលនេះមិនទាន់ត្រឡប់ទៅរកប្រក្រតីភាព បណ្ដាលឱ្យក្រុមការងារក្រសួង មិនទាន់អាចចូលទៅសាងសង់ និងជួសជុលអគារសិក្សាដែលរងការខូតខាតដោយសារសង្គ្រាមនៅឡើយ។ យ៉ាងណាមិញ ក្រសួងអប់រំ បានរៀបចំរួចរាល់នូវក្រុមការងារជំនាញ និងផែនការ ដើម្បីស្តារសាលារៀននៅតាមបណ្តោយព្រំដែនឡើងវិញ ដោយប្រើប្រាស់កញ្ចប់ថវិកាក្រសួង រួមជាមួយការជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជននានា ដែលក្នុងនោះមានកញ្ចប់ថវិការបស់ PSE ផងដែរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា៖«ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យផ្ទាល់ដល់សាលារៀនដែលរងប៉ះពាល់ ដោយជាបឋមនឹងចាប់ផ្តើមពីការបោសសម្អាតមីននៅតាមកន្លែងដែលត្រូវសាងសង់ និងជួសជុល»។  

សាលារៀនខូចខាតដោយសាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។
សាលារៀនខូចខាតដោយសាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។

តាមការគ្រោងទុក ក្រសួងនឹងសម្របសម្រួលឱ្យមានការបើកបវេសនកាលចូលរៀននៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ នៅតាមទីតាំងសុវត្ថិភាពដែលអំណោយផលសម្រាប់ការរៀន និងបង្រៀន ដើម្បីធានាបានថា​ សិស្សានុសិស្សអាចបន្តទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ សូមជម្រាបថា អង្គការដើម្បីភាពញញឹមនៃកុមារ PSE បង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្នុងបេសកកម្មចម្បង ជួយចម្លងកុមារឱ្យផុតពីទុក្ខវេទនាទៅកាន់ការងារអាជីព។ អង្គការបានជួយដល់កុមារ យុវជន និងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្តោត សំខាន់លើការផ្ដល់អាហារ ការព្យាបាល ការការពារ ការផ្ដល់ជំនួយដល់គ្រួសារក្រីក្រ ការអប់រំចំណេះទូទៅ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួយសម្របសម្រួលរកការងារមួយដ៏សមរម្យសម្រាប់ពួកគេ៕

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូអង្គការPSE។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយប្រតិភូអង្គការPSE។
សាលារៀនខូចខាតដោយសាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។
សាលារៀនខូចខាតដោយសាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត