
ខេត្តឧត្ដរមានជ័យ៖ គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលារៀនសាធារណៈទូទាំងប្រទេសចំនួនជាង៩៥៤១ មានលទ្ធភាពចាប់ផ្តើមបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ខណៈសាលារៀនចំនួន៥ទៀត ស្ដិតនៅខេត្តជាប់ព្រំដែនប្រទេសថៃ មិនទាន់អាចដំណើរឡើងវិញបានទេ។ នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា…។

ថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១វិច្ឆិកា លោកបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានឱ្យដឹងថា ដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល តាមគ្រប់រូបភាពក្នុងការនាំយកសុខសន្តិភាពពេញលេញជូនដល់ប្រជាជនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ បានផ្តល់ជាបច្ច័យដ៏ល្អប្រសើរដើម្បីឱ្យសាលារៀនសាធារណៈនៅទូទាំងប្រទេសចំនួន៩៥៤១ មានលទ្ធភាពចាប់ផ្តើមបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ តាមការគ្រោងទុក។ ដោយឡែក សាលារៀនចំនួន៥ទៀត ក្នុងនោះ៖ ១សាលានៅខេត្តបន្ទាយមានជ័យ, ២សាលានៅខេត្តឧត្តរមានជ័យ និង ២សាលាទៀតនៅខេត្តព្រះវិហារ មិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះនៅមានគ្រាប់មិនទាន់ផ្ទុះដែលមិនទាន់បានរំដោះចេញ។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ មន្ទីរ និងអង្គភាពពាក់ព័ន្ធ បាននិងកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។ សូមជម្រាបថា ជុំវិញសាលារៀនដែលបានរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងអប់រំសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ចុះពិនិត្យទីតាំងសាលារៀនដែលរងផលប៉ះពាល់ ហើយវាយតម្លៃផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ។ សម្ដេចធិបតីសង្កត់ធ្ងន់ថា «សាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ គឺត្រូវបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុនសិន មុននឹងគិតគូររៀបចំផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ»៕






