ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ «Sala MIL App» ប្រមូលផ្ដុំមាតិកាសិក្សាដ៏ច្រើនសម្បូរបែប
S
Soriya Sou
14 វិច្ឆិកា 2025 04:00 AM


រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ «សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ហៅកាត់ថា «Sala MIL App» ជាឧបករណ៍ឌីជីថលជំនួយដល់ការបង្រៀន និងរៀនដោយខ្លួនឯងគ្រប់ពេល និងគ្រប់ទីកន្លែង…។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីទូរសព្ទដៃ «សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» បានធ្វើឡើងក្រោមវត្តមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ លោកស្រី ណាឌីនណេ ជូរ៉ាត់ Nadine Jurrat អនុប្រធាននាយកដ្ឋាន DW Akademie ប្រចាំតំបន់អាស៊ី និងអឺរ៉ុប និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី១៣វិច្ឆិកា ឆ្នាំ២០២៥។ កម្មវិធីទូរសព្ទដៃ «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» មានមាតិកាច្រើនសម្បូរបែប ដោយមានមេរៀន សំណួរចម្លើយ រូបភាព វីដេអូ បណ្ណាល័យ តំណភ្ជាប់ទៅកាន់កម្មវិធីផ្ញើសារស្វ័យប្រវត្តិតាមតេឡេក្រាម ព្រមទាំងមានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក ក្រុមពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ។ កម្មវិធីនេះមានភាពបត់បែន និងងាយស្រួល ដែលអាចឱ្យអ្នកប្រើប្រាស់ស្រាវជ្រាវ ស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកស្រី គឹម សេដ្ឋានី បានអះអាងថា កម្មវិធីទូរសព្ទដៃ «សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ជាឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅជំនួយដល់ការបង្រៀននិងរៀន, ការស្វ័យសិក្សាលើបំណិនភាពជាពលរដ្ឋឌីជីថលសាកល, ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព, ភាពឆ្លាតវៃ និងទំនួលខុសត្រូវ, ចេះទាញយកប្រយោជន៍, រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោកបញ្ឆោតកេងប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ។ កម្មវិធីនេះ ត្រូវបានផ្តួចផ្តើមអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការសហការដោយអង្គការ DW Akademie របស់ប្រទេសអាឡឺម៉ង់។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ 
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ 

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បានចាត់ទុកកម្មវិធីទូរសព្ទដៃ «សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន» ជាសមិទ្ធផលដ៏សំខាន់មួយដែលនឹងចូលរួមជំរុញការយល់ដឹងស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំ។ លោកស្រីបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សាធារណជនទូទៅ សូមចូលរួមប្រើប្រាស់កម្មវិធីទូសព្ទដៃនេះឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ការពង្រឹងបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យបានជោគជ័យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត