
រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់បញ្ចូល«ភាសាចារ៉ាយ»ក្នុងកម្មវិធីអប់រំពហុភាសា នៅខេត្តរតនគិរី ចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ កម្មវិធីអប់រំពហុភាសា ត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៣ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងអង្គការនានា ហើយក្នុងកម្មវិធីនេះ បែងចែកជាកម្មវិធីអក្ខរកម្មពហុភាសា សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា សម្រាប់ការអប់រំក្នុងប្រព័ន្ធ។

កម្មវិធីអប់រំពហុភាសា កំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិចប្រមាណ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិ ដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។ ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការ និងក្របខ័ណ្ឌគតិយុត្តមួយចំនួន រួមមាន ការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ព្រៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល។

ក្រៅពីនេះ ក្រសួងបាន ដាក់បញ្ចូលកម្មវិធីអប់រំពហុភាសា ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យខេត្តក្រចេះ និងសាលាគរុកោសល្យខេត្តព្រះវិហារ។ ទន្ទឹមគ្នានោះ ក្រសួងក៏បានរៀបចំបកប្រែសៀវភៅសិក្សា សម្ភារសិក្សាជាភាសាចារ៉ាយ សម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋមសិក្សាចំនួន៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្តរតនគិរី៕




