
រដ្ឋធានីព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តក្បាលគ្រាប់មីស៊ីលបាលីស្ទីកគ្រាប់បែកចង្កោមថ្មី និងអាវុធអេឡិចត្រូមាញ៉េទិកនៅសប្តាហ៍នេះ ខណៈរដ្ឋធានីព្យុងយ៉ាង កំពុងបង្ហាញសមត្ថភាពប្រយុទ្ធរបស់ខ្លួនក្នុងសង្គ្រាមសម័យទំនើប។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសា។

កូរ៉េខាងជើង បានធ្វើតេស្តអាវុធយុទ្ធសាស្ត្រថ្មីៗជាច្រើនក្នុងសប្តាហ៍នេះ ដែលផ្តោតលើការកម្ទេចហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធការពារជាតិរបស់កូរ៉េខាងត្បូង។ ជាក់ស្តែង កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលគ្រាប់បែកចង្កោម Hwasongpho-11 Ka ដែលជាប្រភេទមីស៊ីលថ្មី អាចព្រួសគ្រាប់បែកតូចៗកម្ទេចគោលដៅនានាឱ្យទៅជាផេះផង់ ក្នុងទំហំផ្ទៃដីរហូតដល់៧ហិកតា ឬស្មើនឹងតារាងបាល់ទាត់ប្រហែល១០ ក្នុងការបាញ់ប្រហារតែមួយលើក។ លើសពីនេះ កូរ៉េខាងជើងក៏បានបង្អួតអាវុធអេឡិចត្រូម៉ាញ៉េទិច ដែលមានសមត្ថភាពផ្ដាច់ប្រព័ន្ធបញ្ជាយន្តហោះចម្បាំងបំបាំងកាយ F-35A របស់សហរដ្ឋអាម៉េរិក និងធ្វើឱ្យនាវាពិឃាតទំនើបៗរបស់សត្រូវងងឹតភ្នែក មើលគោលដៅមិនឃើញផងដែរ។

ក្រៅពីនេះ កូរ៉េខាងជើង ក៏បានបញ្ចេញគ្រាប់បែកជាតិសរសៃកាបូន(Carbon-fiber Bomb) ប្រើសម្រាប់បាញ់ផ្ដាច់បណ្ដាញអគ្គិសនី និងរោងចក្រឧស្សាហកម្មធំៗឱ្យគាំងលែងដំណើរការទាំងស្រុង។ អ្នកជំនាញយល់ថា កូរ៉េខាងជើងកំពុងរៀនសូត្រពីសង្គ្រាមនៅអ៊ុយក្រែន ងាកមកប្រើអាវុធទំនើបៗ ថ្មីៗ ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើសង្គ្រាមផ្ទុះឡើង ប៉ុន្តែអាចធ្វើឱ្យសេដ្ឋកិច្ច និងប្រព័ន្ធការពារជាតិរបស់សត្រូវដួលរលំបានយ៉ាងងាយ៕



