
មជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បានបើកច្រកសមុទ្ទហ័រមូស្សឡើងវិញជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៧ ខែមេសា បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់-អ៊ីស្រាអែល ដែលនាំឱ្យមានក្ដីសង្ឃឹមជុំវិញការចរចាសន្តិភាព។ ប៉ុន្តែ រដ្ឋធានីតេហេរ៉ង់ បានព្រមានថា ខ្លួនអាចនឹងបិទផ្លូវទឹកដ៏សំខាន់នេះម្ដងទៀត ប្រសិនបើការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាម៉េរិកនៅតែបន្ត។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araqchi) បានប្រកាសលើបណ្តាញសង្គមថា ច្រកសមុទ្ទដែលជាបំពង់អុកស៊ីសែននៃពាណិជ្ជកម្មថាមពលពិភពលោក ត្រូវបានបើកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ក្នុងអំឡុងពេលឈប់បាញ់១០ថ្ងៃ ដែលត្រូវបានព្រមព្រៀងគ្នារវាងអ៊ីស្រាអែល និងលីបង់។ សម្រាប់ស្ថានភាពនៅលីបង់ បទឈប់បាញ់ដែលគាំទ្រដោយអាម៉េរិក ហាក់ដូចជាកំពុងអនុវត្តបានល្អ បើទោះបីជាមានសេចក្ដីរាយការណ៍ពីការរំលោភបំពានខ្លះៗពីភាគីអ៊ីស្រាអែលក៏ដោយ។ យ៉ាងណា នៅតែមានភាពមិនច្បាស់លាស់ថា តើការដឹកជញ្ជូនអាចត្រឡប់ទៅរកភាពប្រក្រតីវិញបានឆាប់កម្រិតណា...?

ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ថា៖«ការបិទខ្ទប់នាវាដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីរ៉ង់ នឹងនៅតែបន្តរហូតដល់ប្រតិបត្តិការជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់១០០ភាគរយ»។ ម្យ៉ាងវិញទៀត ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) បានបង្ហោះសារថា ច្រកសមុទ្ទនេះនឹងមិនបន្តបើកចំហឡើយ ប្រសិនបើការបិទខ្ទប់របស់អាម៉េរិកនៅតែបន្ត។ លោកក៏បានចោទលោក ត្រាំ ថាបានអះអាងមិនពិតជាច្រើនអំពីការចរចាសន្តិភាព។ សូមជម្រាបថា តម្លៃប្រេងបានធ្លាក់ចុះប្រហែល១០ភាគរយ ហើយភាគហ៊ុនសកលបានហក់ឡើងភ្លាមៗ បន្ទាប់ពីមានព័ត៌មានថា ចរាចរណ៍នាវា អាចនឹងឆ្លងកាត់ច្រកសមុទ្ទនេះឡើងវិញ។ ទោះជាយ៉ាងណា ក្រុមហ៊ុនដឹកជញ្ជូននៅតែមានការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃមីនក្នុងទឹក៕



