អាម៉េរិកប្រើយុទ្ធសាស្ត្រ២ក្នុងពេលតែមួយ ដើម្បីកៀប«ក»អ៊ីរ៉ង់
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្ដែងនូវភាពជឿជាក់កាលពីថ្ងៃពុធទី១៥ ខែមេសា ថា កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗ បើទោះបីជាសហរដ្ឋអាម៉េរិកកំពុងបង្កើនយុទ្ធនាការបិទខ្ទប់សេដ្ឋកិច្ច និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើការនាំចេញប្រេងរបស់រដ្ឋធានីតេហេរ៉ង់ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បានបញ្ជាក់ថា សង្គ្រាមដែលលោកបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែលកាលពីចុងខែកុម្ភៈ កំពុងខិតជិតដល់ទីបញ្ចប់ហើយ។ ទោះជាយ៉ាងណា ការលើកឡើងនេះ បានធ្វើឡើងស្របពេលដែលវិធានការបិទខ្ទប់ផ្លូវទឹកយុទ្ធសាស្ត្រហ័រមូស្ស បានចូលជាធរមាន ដែលបណ្ដាលឱ្យនាវាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្ទមួយនេះធ្លាក់ចុះយ៉ាងគំហុក។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក ហ្វីល ម៉ាសាល់ អាស៊ីម មូនីរ (Field Marshal Asim Munir) បានធ្វើដំណើរទៅដល់រដ្ឋធានីតេហេរ៉ង់ហើយ ដើម្បីដើរតួជាអ្នកសម្របសម្រួល និងព្យាយាមបង្រួមគម្លាតរវាងមហាអំណាចទាំង២ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មុនមិនទទួលបានលទ្ធផល។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លេវីត (កាKaroline Leavitt) បានបញ្ជាក់ថា ការចរចាដែលមានប៉ាគីស្ថានជាអ្នកសម្របសម្រួលកំពុងមានវឌ្ឍនភាព ហើយភាគីទាំង២ អាចនឹងវិលត្រឡប់ទៅជួបគ្នានៅប្រទេសប៉ាគីស្ថានវិញនាចុងសប្តាហ៍ខាងមុខ។

លោកស្រី ការ៉ូលីន លេវីត
លោកស្រី ការ៉ូលីន លេវីត

យ៉ាងណា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិក លោក ស្កត បេសសិន (cott Bessent) បានព្រមានថា សហរដ្ឋអាម៉េរិកនឹងមិនបន្ធូរបន្ថយឡើយ ដោយត្រៀមដាក់ទណ្ឌកម្មបន្ទាប់បន្សំលើប្រទេសដែលទិញប្រេងពីអ៊ីរ៉ង់ ជាពិសេសគឺប្រទេសចិន។ លោកបានបញ្ជាក់ថា សម្ពាធហិរញ្ញវត្ថុដែលអ៊ីរ៉ង់កំពុងជួបប្រទះនាពេលនេះ នឹងមានទម្ងន់ស្មើនឹងការវាយប្រហារតាមអាកាសកន្លងមក ដែលយោធាសហរដ្ឋអាម៉រិកបានកម្ទេចសមត្ថភាពការពារជាតិ និងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។

លោក ស្កត បេសសិន
លោក ស្កត បេសសិន

សូមជម្រាបថា សហរដ្ឋអាម៉េរិកចង់ឱ្យអ៊ីរ៉ង់ផ្អាកសកម្មភាពនុយក្លេអ៊ែររយៈពេល២០ឆ្នាំ តែអ៊ីរ៉ង់យល់ព្រមត្រឹមតែ៣ទៅ៥ឆ្នាំប៉ុណ្ណោះ។ លើសពីនេះ ការដែលអ៊ីស្រាអែលបន្តវាយប្រហារលើក្រុមហេសបូឡាស៍ ក្នុងប្រទេសលីបង់ បានធ្វើឱ្យអ៊ីរ៉ង់មិនសប្បាយចិត្ត ដោយចាត់ទុកថា ជាការរំលោភលើស្មារតីបទឈប់បាញ់។ បច្ចុប្បន្ន ពិភពលោកកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចចរចានៅប៉ាគីស្ថាន ដែលត្រូវបានគេចាត់ទុកថា ជាឱកាសចុងក្រោយដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំ និងសង្គ្រោះសេដ្ឋកិច្ចពិភពលោកពីវិបត្តិថាមពល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត