
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តំបន់មាត់សមុទ្ទ តំបន់ខ្ពង់រាប តំបន់វាលទំនាប នឹងមានភ្លៀងធ្លាក់អមមកខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងធនធានទឹក ដោយសារព្យុះឈ្មោះស៊ីនឡាគូ បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលមកលើរបបខ្យល់មូសុងឦសាន ក៏បានបោកបក់លើសមុទ្ទកម្ពុជា សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ...។

មន្រ្តីធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ មានខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿន២ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ហើយមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមាមួយម៉ែត្រ។

តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧អង្សាសេ។ ក្នុងនោះ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ ល្បឿន២ម៉ែត្រក្នុងមួយវិនាទី។ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ហើយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។

ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿន៣ម៉ែត្រក្នុងមួយវិនាទី។ ក្នុងនោះ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ៕




