
ក្រុងយ៉ាងចូវ៖ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះហត្ថលេខារួមគ្នាជាមួយលោក ចេង ហៃតាវ Zheng Haitao អភិបាលទីក្រុងយ៉ាងចូវ នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន លើ«លិខិតបញ្ជាក់សុច្ឆន្ទៈលើការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិជាមួយគ្នា»...។

ហត្ថលេខារួមគ្នារវាងអភិបាលខេត្តកំពង់ធំ និងរដ្ឋបាលទីក្រុងយ៉ាងចូវ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នាទីក្រុងយ៉ាងចូវ។ លោក នួន ផារ័ត្ន បានបញ្ជាក់កាលពីថ្ងៃទី១៩មេសាថា ការចុះហត្ថលេខានាពេលនេះ ជាជំហានដំបូងក្នុងដំណើរឈានទៅរកការចុះកិច្ចព្រមព្រៀងជាផ្លូវការ ជាទីក្រុងសម្ព័ន្ធមេត្រីភាពនាពេលអនាគត។

សូមជម្រាបថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បញ្ចប់ភ្លាម លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ទទួលបានគោលការណ៍ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូខេត្ត ទៅចូលរួមកម្មវិធី «The 25th Flowery March » និងពិព័រណ៍សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍អន្តរជាតិ នៅទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចនេះ លោកត្រូវជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំខេត្តជាំងស៊ូ និងទីក្រុងយ៉ាងចូវ ដើម្បីជំរុញការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា៕






