
ខេត្តឧត្តរមានជ័យ៖ ឥទ្ធិពលភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានឆក់យកជីវិតមនុស្សម្នាក់ និងបំផ្លាញផ្ទះពលរដ្ឋ១៤៨ខ្នង នៅក្រុង-ស្រុកចំនួន៣ ក្នុងខេត្តឧត្តរមានជ័យ។

មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ប្រកាសនៅព្រឹកថ្ងៃទី១៨មេសានេះថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះបាញ់ស្លាប់មនុស្សម្នាក់ នៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។ ក្នុងពេលជាមួយគ្នា ខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះពលរដ្ឋ នៅសង្កាត់បន្សាយរាក់ ៧ខ្នង, សង្កាត់កូនគ្រៀល ១ខ្នង, សង្កាត់បុស្បូវ ១៧ខ្នង, ឃុំអំពិល ៧៧ខ្នង, ឃុំគោកមន ១៥ខ្នង, និងឃុំបាក់អន្លូង ៣១ខ្នង។

ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជូនដំណឹង ហើយក្រើនរំឭកដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះឈ្មោះ ស៊ីនឡាគូ ខណៈព្យុះនេះ បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្ទកម្ពុជា រហូតដល់ថ្ងៃទី២០ខែមេសា៕




