សម្ងំឆបោកនៅកម្ពុជា ជនជាតិចិន និងជប៉ុន៨នាក់ ត្រូវបញ្ជូនចូលពន្ធនាគារ
អុន សម្ផស្ស
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិន និងជប៉ុនចំនួន៨នាក់ ដោយចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស។ បើតាមតុលាការ ពួកគេ ជាក្រុមដែលមានការចាត់តាំងក្នុងការប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ 

យោងតាមដីកា៨ផ្សេងគ្នា ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៥ ខែមេសា បង្ហាញថា ជនត្រូវចោទទាំង៨នាក់នោះ មានជនជាតិចិន៤នាក់ និងជនជាតិជប៉ុន៤នាក់។ ពួកគេ ប្រព្រឹត្តអំពើឆបោកក្នុងអគារខុនដូ ភ្នំពេញកាឡាក់ស៊ីហ្កាដេន ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ដើមខែមេសា ឆ្នាំ២០២៦។ បទល្មើសនេះ មានចែងពីការផ្ដន្ទាទោសតាមមាត្រា៣៧៧ និងមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៣៨០ បានចែងថា អំពើឆបោកត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ កាលបើបទល្មើសនេះ បានប្រព្រឹត្តជាក្រុមមានការចាត់តាំង។

គួរជ្រាបថា ក្នុងរយៈពេល៩ខែចុងក្រោយ គឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង២៥០ករណី និងបានកសាងសំណុំរឿងបញ្ចូនទៅតុលាការជាង៨០ករណី ពាក់ព័ន្ធជនសង្ស័យជាង៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរផងដែរ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)៕

រូបទាំងអស់ពីហ្វេសប៊ុក អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត