ក្រសួងបរិស្ថានប្រកាសជាថ្មីថា មន្រ្តីជំនាញកំណត់គោលដៅតាមចាប់ជនល្មើសទាំងអស់ ដែលបំផ្លាញធនធានធម្មជាតិ
L
Linda Sorn
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន ប្រកាសដូចមុនៗថា មន្រ្តីជំនាញ បន្តខិតខំប្រឹងប្រែងអនុវត្តច្បាប់ និងបន្តកំណត់គោលដៅចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ជាពិសេសការកាប់រុករានដីព្រៃ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សង្កត់ធ្ងន់ទៀតថា វិធានការច្បាប់នេះ នឹងត្រូវអនុវត្តតឹងរ៉ឹងបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បញ្ចេញសារព្រមាននេះ ភ្ជាប់ជាមួយករណីបុរសជាជនសង្ស័យម្នាក់ ដែលទើបត្រូវបានចាប់ខ្លួន។ ក្រសួងបរិស្ថាន ផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា មន្ត្រីឧទ្យានុរក្ស​នៃមន្ទីរបរិស្ថានខេត្តក្រចេះ បានចុះពិនិត្យ និងឃាត់ខ្លួនបុរសម្នាក់នោះ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដោយកាប់ព្រៃឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ។ 

ក្នុងពេលចុះល្បាត កាលពីថ្ងៃទី៧ ខែមេសា មន្រ្តីជំនាញ ក៏បានឃាត់ខ្លួនសង្ស័យ នៅភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសកាប់ព្រៃឈើដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិព្រៃឡង់។ ជនសស្ស័យ ត្រូវបានចោទប្រកាន់ពីបទកាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្ន មន្រ្តីជំនាញ បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងបញ្ជូនជនសង្ស័យទៅតុលាការខេត្តក្រចេះ ហើយត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

<br />

កន្លងមក គេតែងឮក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ប្រកាសពីការប្តេជ្ញាចិត្តបង្ក្រាបបទល្មើសព្រៃឈើ និងការកាប់បំផ្លាញធនធានធម្មជាតិទាំងអស់ (មិនថាជាបទល្មើសតូច ឬធំ ជនល្មើសតូចតាច ឬជនល្មើសជាឈ្មួញមានលុយមានអំណាចឡើយ)។ ប៉ុន្តែ ទន្ទឹមគ្នា គេក៏តែងឮពាក្យរិះគន់ចេញពីមជ្ឈដ្ឋានខ្លះដែរថា អាជ្ញាធរ ហាក់ដូចជាចាប់បានតែជនល្មើសតូចតាចប៉ុណ្ណោះ។ តើអាជ្ញាធរ ចាប់បានតែជនល្មើសតូចតាចមែនឬ ហើយឈ្មួញទុច្ចរិតធំៗ នឹងត្រូវជាប់ខ្នោះដែរទេ? 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត