
រដ្ឋធានីវ៉ាស៊ីនតោន៖ កាសែត Financial Times (FT) បានចុះផ្សាយនូវរបាយការណ៍មួយ នៅថ្ងៃទី១៥ ខែមេសានេះថា ប្រទេសអ៊ីរ៉ង់បានសម្រេចកិច្ចព្រមព្រៀងសម្ងាត់មួយក្នុងការទិញយកផ្កាយរណបចារកម្មពីក្រុមហ៊ុនចិន ដែលផ្ដល់សមត្ថភាពថ្មីឱ្យរដ្ឋធានីតេហេរ៉ង់ ក្នុងការកំណត់គោលដៅ និងតាមដានមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា យ៉ាងជាក់លាក់បំផុតក្នុងអំឡុងពេលសង្គ្រាមនាពេលថ្មីៗនេះ។

ផ្កាយរណបនោះមានឈ្មោះថា TEE-01B ដែលផលិត និងបង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co។ យោងតាមឯកសារយោធាអ៊ីរ៉ង់ដែលបានលេចធ្លាយ កងកម្លាំងអវកាសនៃឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) បានគ្រប់គ្រងផ្កាយរណបនេះតាំងពីចុងឆ្នាំ២០២៤ បន្ទាប់ពីវាត្រូវបានបង្ហោះចេញពីទឹកដីចិន។ អ្វីដែលកាន់តែគួរឱ្យបារម្ភនោះ គឺអ៊ីរ៉ង់ក៏ទទួលបានសិទ្ធិប្រើប្រាស់ស្ថានីយបញ្ជាលើដីរបស់ក្រុមហ៊ុនចិន Emposat ដែលមានបណ្ដាញគ្របដណ្ដប់ពាសពេញពិភពលោកផងដែរ។

របាយការណ៍បានលាតត្រដាងថា មេបញ្ជាការយោធាអ៊ីរ៉ង់ បានបញ្ជាឱ្យផ្កាយរណបនេះ ថតរូបភាពចារកម្មយ៉ាងលម្អិតនៅលើទីតាំងយោធាសំខាន់ៗរបស់អាម៉េរិក រួមមាន៖ មូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត មូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ទីតាំងក្បែរមូលដ្ឋានកងនាវាទី៥ របស់អាម៉េរិក ក្នុងប្រទេសបារ៉ែន និងព្រលានយន្តហោះ Erbil ក្នុងប្រទេសអ៊ីរ៉ាក់។ រូបភាពទាំងនោះត្រូវបានថតនៅចន្លោះខែមីនា ទាំងមុន និងក្រោយពេលមានការវាយប្រហារដោយដ្រូន និងមីស៊ីលលើទីតាំងទាំងនោះ។ យ៉ាងណាមិញ ខាងសេតវិមាន ស៊ីអាយអេ (CIA) មន្ទីរបញ្ចកោណ រួមទាំងក្រសួងការបរទេសចិន និងក្រុមហ៊ុនពាក់ព័ន្ធ មិនទាន់មានប្រតិកម្មតបតភ្លាមៗចំពោះព័ត៌មានលេចធ្លាយនេះនៅឡើយទេ៕



