
រាជធានីភ្នំពេញ៖ ក្រោយកើតមានករណីវាយរថយន្ត បង្កការភ្ញាក់ផ្អើលដល់សាធារណជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅម្តុំវត្តភ្នំ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ចូលឆ្នាំថ្ងៃទី៣) ពេលនេះ ស្នងការនគរបាលរាជធានីភ្នំពេញ ចេញមុខបញ្ជាក់ថា សមត្ថកិច្ចជំនាញ ក្ដាប់មុខសញ្ញាបានអស់ហើយ។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ក្រុមក្មេងៗដែលបានគប់និងវាយបំផ្លាញរថយន្តនោះ ឱ្យចូលខ្លួនដោះស្រាយនៅអធិការដ្ឋានខណ្ឌដូនពេញឱ្យទាន់ពេលវេលា (តែបើជំនាញតាមចាប់ខ្លួន គឺអនុវត្តនីតិវិធីច្បាប់អត់លើកលែងឡើយ)។

លោក ជួន ណារិន្ទ បានសង្កត់ធ្ងន់ដូច្នេះថា៖«ខ្ញុំអត់ដែលនិយាយលេងទេ សូមអាណាព្យាបាល បើដឹងថាកូនក្មួយខ្លួនពាក់ព័ន្ធ បញ្ជូនមកសារភាពជាបន្ទាន់»។ សូមជម្រាបថា ករណីខាងលើនេះ គឺយុវជនមួយក្រុម បានធ្វើសកម្មភាពដេញវាយរថយន្តអគ្គិសនីមួយគ្រឿងពណ៌ខ្មៅ ម៉ាក AVATAR បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ខណៈម្ចាស់រថយន្ត បានអះអាងប្រាប់សមត្ថកិច្ចថា ដើមទងនៃសាច់រឿង គឺផ្ដើមចេញពីម៉ូតូបុករថយន្តខ្លួនពីក្រោយ ហើយក្រុមក្មេងៗទាំងនោះ ក៏ដេញតាមវាយរថយន្តខ្លួនតែម្តង៕










