
ក្រុងសិរីសោភ័ណ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលអាចកើតឡើងជាយថាហេតុ និងបង្កហានិភ័យដល់សុវត្ថិភាព។

ការអំពាវនាវរបស់លោកអភិបាលខេត្ត ធ្វើឡើងពេលលោកដឹកនាំកងកម្លាំងជួយរុះរើ និងរៀបចំជួសជុសផ្ទះ ព្រមទាំងនាំយកស័ង្កសីជាអំណោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងស្ត្រីទី១នៃកម្ពុជា ជូនប្រជាពលរដ្ឋ ដែលខូចខាងផ្ទះសរុបអស់ជាង៤០០ខ្នង ដោយសារខ្យល់កន្ត្រាក់នៅភូមិចំនួន៩ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក កាលពីល្ងាចថ្ងៃទី១៥មេសា។

ក្នុងពេលចុះពិនិត្យដោយផ្ទាល់ កាលពីថ្ងៃទី១៦មេសា លោក អ៊ុំ រាត្រី បានចូលរួមសោកស្ដាយចំពោះគ្រោះធម្មជាតិដែលបណ្ដាលឱ្យផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាត។ ស្របពេលអាកាសធាតុមិនសូវល្អ លោកបានអំពាវម្ដងហើយម្ដងទៀត ឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ក្នុងករណីមេឃរកភ្លៀង មានផ្គររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវនាំគ្នាទៅរកកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ជាយថាហេតុណាមួយ៕





