
រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តិទៅដោយរលូនប្រកបដោយស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណី តាមរយ:ការចូលរួមយ៉ាងល្អប្រសើរពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់។ នេះជាសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...។

នៅព្រឹកថ្ងៃទី១៧មេសា ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលចូលរួមយ៉ាងល្អប្រសើរតាមរយៈការលេងល្បែងប្រជាប្រិយ និងរាំរបាំបុរាណ រួមជាមួយការធ្វើបុណ្យជួបជុំក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មីតាមផ្ទះ វត្តអារាម និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។ សម្ដេចក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិ, ក្រសួងស្ថាប័ន, សហភាពសហព័ន្ធយុវជនកម្ពុជា, យុវជនស្ម័គ្រចិត្ត, កងកម្លាំងគ្រប់ប្រភេទ, អ្នកអនាម័យ, ក្រុមការងារពាក់ព័ន្ធ ដែលបានរៀបចំព្រឹត្តិការនគរសង្ក្រាន្ត និងបានចូលរួមប្រចាំការ ព្រមទាំងបំពេញភារកិច្ចរបស់ខ្លួនធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរទាំងអស់។

កាន់តែមិនអាចបំភ្លេចបាន សម្ដេចធិបតីបានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងយ៉ាងអង់អាចក្លាហាននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលបានរៀបចំជូន។ បន្ទាប់ពីភាពសប្បាយរីករាយ បញ្ហាសុវត្ថិភាព គឺជារឿងសំខាន់ ដូច្នេះ សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរត្រឡប់ទៅបំពេញការងាររៀងៗខ្លួនវិញ សូមប្រកបតែសុខសុវត្ថិភាព និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕








