
ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងច្រើនកុះករបាននាំគ្នាសម្រុកមកលេងកម្សាន្តនៅខេត្តកំពង់ចាម មានចំនួន៩៣១,៤៤៣នាក់...។

តាមរបាយការណ៍របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិមានចំនួន៩៣១៣១៧នាក់ និងភ្ញៀវទេសចរបរទេស ចំនួន១២៦នាក់។ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្ត មានការរៀបចំរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ពីសំណាក់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីធ្វើយ៉ាងណាបង្កបរិយាកាសកក់ក្ដៅជូនប្រជាពលរដ្ឋកម្សាន្ដសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្រោមម្លប់នៃសុខសន្ដិភាព។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលក្រុង-ស្រុក រៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីបង្កការកម្សាន្តសប្បាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ គឺថ្ងៃទី១៤,១៥,១៦ ខែមេសា។ ក្នុងនោះ មានរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ កម្សាន្តល្បែងប្រជាប្រិយខ្មែរ តន្ត្រី និងរាំលេងកម្សាន្ត តាំងពិព័រណ៍ផលិតផល ស្រង់ព្រះនៅមុខសាលាខេត្ត និងតន្ត្រីខ្នាតយក្សជាដើម។ល។អ្វីដែលកាន់តែពិសេសសម្រាប់ខេត្តកំពង់ចាម ថ្ងៃទី១៥មេសាដែលជាថ្ងៃបុណ្យចូលឆ្នាំទី២រដ្ឋបាលខេត្តដាក់លៀសហាលចំនួន៣តោនប្រវែង១គីឡូម៉ែត្រ ឱ្យអ្នកដើរលេងហូប និងដាក់វ៉ាយហ្វាយ (Wifi) ឱ្យប្រើដោយមិនគិតថ្លៃទៀតផង៕




