
រាជធានីភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកាន់តែជិតមកដល់ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់គ្រប់មន្ទីរពេទ្យទូទាំងរាជធានី-ខេត្ត ត្រូវត្រៀមគ្រូពេទ្យ និងរថយន្តសង្រ្គោះបន្ទាន់ជាប្រចាំ ដើម្បីជួយប្រជាពលរដ្ឋទាន់ពេលវេលា ពេលមានហានិភ័យកើតឡើងជាយថាហេតុ…។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្រ្តីក្រោមឱវាទ កាលពីថ្ងៃទី៧មេសា លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាល បានត្រៀមជាស្រេច ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។ ប៉ុន្តែជាការដាស់តឿនបន្ថែមទៀត លោកបានណែនាំដល់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ជាពិសេសផ្នែកសង្រ្គោះបន្ទាន់ និងសង្រ្គោះបឋម ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។ លោកថា គ្រប់មន្ទីរពេទ្យត្រូវរៀបចំផែនការឱ្យបានល្អិតល្អន់ និងសិក្សាពីហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើង និងត្រូវបង្កើនការនូវការអប់រំសុខភាពផ្សេងៗ ការងារត្រៀមក្រុមគ្រូពេទ្យ និងរថយន្តគិលានសង្រ្គោះបន្ទាន់។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី នឹងចូលមកដល់នៅថ្ងៃទី១៤រហូតដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥។ ព្រោះតែខែនេះជារដូវក្ដៅ ដូច្នេះអ្នកដែលត្រៀមដើរលេងកម្សាន្ត ឬក៏ចូលរួមលេងសប្បាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអ្នកជំនាញសុខាភិបាល ផ្ដល់ការណែនាំឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយត្រូវទទួលទានអាហារមានអនាម័យ និងពិសាទឹកឱ្យបានគ្រប់គ្រាន់៕



