របបសឹកមីយ៉ាន់ម៉ាប្រកាសរុះរើជួរថ្នាក់ដឹកនាំជាន់ខ្ពស់ ចំពេលសង្គ្រា.មស៊ីវិលនៅតែក្ដៅគគុក
N
Nary Vann
11 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ បន្ទាប់ពីពិធីព្យុហយាត្រាទិវាកងទ័ពប្រចាំឆ្នាំរួច ថ្នាក់ដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា គ្រោងនឹងផ្លាស់ប្ដូរតំណែង ដែលត្រូវគេចាត់ទុកថា ជាការបង្ហាញជាសាធារណៈដ៏កម្រមួយអំពីការផ្លាស់ប្ដូរផ្ទៃក្នុងស្ថាប័នយោធាដ៏អាថ៌កំបាំងមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ 

ការប្រកាសនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលសភាជាតិមីយ៉ាន់ម៉ា ដែលទើបនឹងបង្កើតឡើងសម្រាប់នីតិកាលថ្មី គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីថ្មី ជាតំណែងដែលលោក មីន អ៊ោងឡាំង (Min Aung Hlaing) ប្រាថ្នាចង់បានជាយូរមកហើយ។ នៅក្នុងជំនួបជាមួយអតីតមន្ត្រីយោធាដែលចូលនិវត្ត អនុប្រធានយោធាមីយ៉ាន់ម៉ា លោក សូ វីន (Soe Win) បានបញ្ជាក់ថា ទោះបីជានរណាឡើងមកដឹកនាំក៏ដោយ កងទ័ពនឹងនៅតែបន្តអនុវត្តតាមគោលការណ៍ណែនាំ និងគោលនយោបាយយោធាដែលបានកំណត់ទុកជាដរាប។

លោក មីន អ៊ោងឡាំង
លោក មីន អ៊ោងឡាំង

ដំណើរការនយោបាយដែលកំពុងស្ថិតក្នុងអន្តរកាលនេះ កើតឡើងបន្ទាប់ពីការបោះឆ្នោតសកលកាលពីខែធ្នូ ឆ្នាំ២០២៥ និងខែមករា ឆ្នាំ២០២៦កន្លងទៅ ដែលត្រូវបានគេរិះគន់យ៉ាងខ្លាំងថាជាការបោះឆ្នោតបង្គ្រប់កិច្ច ដើម្បីបើកផ្លូវឱ្យលោក មីន អ៊ោងឡាំង ឡើងកាន់តំណែងជាប្រធានាធិបតី។ អ្នកវិភាគឯករាជ្យ លោក ធីន ច អេ (Htin Kyaw Aye) បានលើកឡើងថា វាជារឿងមិនធម្មតាឡើយដែលយោធាមីយ៉ាន់ម៉ាបង្ហើបឱ្យដឹងជាមុនអំពីការផ្លាស់ប្ដូរថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈដែលខ្លួនកំពុងជាប់ដៃក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅឡើយ។ លោកយល់ថា ទោះបីជាការរៀបចំទុកជាមុនក៏ដោយ ប៉ុន្តែការទម្លាយព័ត៌មានបែបនេះ អាចឆ្លុះបញ្ចាំងពីក្តីបារម្ភក្នុងចិត្ត ឬការមិនចុះសម្រុងគ្នាក្នុងការបែងចែកអំណាចនៅថ្នាក់លើ។ រហូតមកដល់ពេលនេះ លោក មីន អ៊ោងឡាំង ដែលមានវ័យ៦៩ឆ្នាំ នៅមិនទាន់បានប្រកាសឈ្មោះអ្នកដែលនឹងមកបន្តតំណែងជាអគ្គមេបញ្ជាការយោធាបន្ទាប់ពីលោកនៅឡើយទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត