
រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានចាកចេញពីប្រទេសឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃទី១២ ខែមេសា ដើម្បីជួបពិភាក្សាការងារដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ក្នុងគោលដៅចម្បង គឺការស្វែងរកប្រភពផ្គត់ផ្គង់ប្រេងមកសង្គ្រោះសេដ្ឋកិច្ចជាតិ...។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោក ស៊ូជីអូណូ (Sugiono) បញ្ជាក់ថា បញ្ហាប្រេងគឺជាអាទិភាពយុទ្ធសាស្ត្រសម្រាប់ជាតិ ដែលត្រូវលើកយកមកជជែកនៅលើតុចរចា ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយសកល និងវិបត្តិថាមពលកំពុងឡើងកម្ដៅខ្លាំង។ លោក ប្រាបូវ៉ូ ដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន បានការពារសកម្មភាពហោះហើរទៅក្រៅប្រទេសញឹកញាប់របស់លោកថា៖«បងប្អូនទាំងអស់គ្នា ដើម្បីធានាសន្តិសុខប្រេងឱ្យបាន ខ្ញុំចាំបាច់ត្រូវតែទៅគ្រប់ទីកន្លែងទាំងអស់»។

ឥណ្ឌូណេស៊ី ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ កំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីការកើនឡើងនៃតម្លៃប្រេងសកល បង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។ ទោះបីជាឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែតម្រូវការប្រើប្រាស់ក្នុងស្រុកមានកម្រិតខ្ពស់ពេក រហូតត្រូវនាំចូលប្រេងបន្ថែមយ៉ាងច្រើន។ កាលពីខែមុន រដ្ឋាភិបាលលោក ប្រាបូវ៉ូ បានសម្រេចដាក់ចេញវិធានការរឹតត្បិតការប្រើប្រាស់ប្រេងឥន្ធនៈ និងបង្ខំឱ្យមន្ត្រីរាជការធ្វើការពីផ្ទះមួយថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសន្សំសំចៃថាមពល ខណៈរដ្ឋាភិបាលប្ដេជ្ញាមិនដំឡើងថ្លៃសាំងក្នុងពេលឆាប់ៗនោះទេ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំឥណ្ឌូណេស៊ី លោក សឺហ្គី តូលឆេណូវ (Sergei Tolchenov) ធ្លាប់បានបញ្ជាក់កាលពីខែមីនាថា រុស្ស៊ីបើកចំហជានិច្ចក្នុងការលក់ប្រេងឱ្យឥណ្ឌូណេស៊ី ដោយពោលថា បើឥណ្ឌូណេស៊ីត្រូវការ រុស្ស៊ីនឹងផ្គត់ផ្គង់តាមតម្រូវការ។ គួររំលឹកផងដែរថា កាលពីឆ្នាំមុន ឥណ្ឌូណេស៊ីបានចូលរួមក្នុងប្លុក BRICS ដែលមានរុស្ស៊ី និងចិន ជាសមាជិក ប៉ុន្តែលោក ប្រាបូវ៉ូ ក៏បានរក្សាតុល្យភាពនយោបាយដោយការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក ដូណាល់ ត្រាំ និងចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាម៉េរិកផងដែរ៕


