
រដ្ឋធានីហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានបន្តយុទ្ធនាការការទូតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ដោយបានឈានដល់កិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយប្រទេសបារាំង បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅវិមានអេលីហ្សេ (Elysee) ក្នុងរដ្ឋធានីប៉ារីស។

ជំនួបកំពូលនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក ប្រាបូវ៉ូ បានចាកចេញពីរដ្ឋធានីមូស្គូ ដែលនៅទីនោះលោកបានសម្រេចកិច្ចព្រមព្រៀងប្រេងជាមួយលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីដោះស្រាយវិបត្តិថាមពលក្នុងស្រុក។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល កិច្ចសហប្រតិបត្តិការជាមួយបារាំងនឹងផ្ដោតសំខាន់លើការលទ្ធកម្មបរិក្ខារយោធា និងការពង្រឹងឧស្សាហកម្មការពារជាតិ ក៏ដូចជាការអភិវឌ្ឍថាមពលកកើតឡើងវិញ។ គួររំលឹកថា ឥណ្ឌូណេស៊ីគឺជាអតិថិជនធំរបស់បារាំង ដោយធ្លាប់បានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។

ក្នុងសប្តាហ៍ដ៏មមាញឹកនេះ ឥណ្ឌូណេស៊ី បានបង្ហាញនូវយុទ្ធសាស្ត្រការទូត «មិនចូលបក្សសម្ព័ន្ធ» យ៉ាងប៉ិនប្រសប់បំផុត ដោយបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រលើវិស័យប្រេង និងធនធានរ៉ែជាមួយរុស្ស៊ី ព្រមទាំងចុះហត្ថលេខាលើភាពជាដៃគូសហប្រតិបត្តិការការពារជាតិកម្រិតធ្ងន់ជាមួយសហរដ្ឋអាម៉េរិក និងពង្រឹងកម្លាំងយោធា និងទំនើបកម្មអាវុធជាមួយបារាំង។ លោក ប្រាបូវ៉ូ បានការពារសកម្មភាពហោះហើរជុំវិញពិភពលោករបស់លោកថា ជាបេសកកម្មដើម្បីធានាសុវត្ថិភាពប្រេងជូនប្រជាជន ខណៈដែលតម្លៃថាមពលសកលកំពុងហក់ឡើងខ្លាំងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ ឥណ្ឌូណេស៊ីដែលស្ថិតនៅលើចំណុចយុទ្ធសាស្ត្រនៃច្រកសមុទ្ទម៉ាឡាកា (ផ្លូវដឹកជញ្ជូនប្រេងមមាញឹកបំផុតដែលឆ្ពោះទៅប្រទេសចិន) កំពុងស្ថិតក្នុងក្រសែភ្នែកមហាអំណាច។ បច្ចុប្បន្ន រដ្ឋធានីហ្សាការតា កំពុងពិចារណាលើសំណើរបស់សហរដ្ឋអាម៉េរិក សុំសិទ្ធិហោះហើរឆ្លងកាត់ដែនអាកាស ដែលអ្នកវិភាគយល់ថា ប្រសិនបើអនុម័ត វានឹងក្លាយជាសញ្ញានៃការងាកទៅរកវ៉ាស៊ីនតោន ខ្លាំងជាងប៉េកាំង៕


