រញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ វាយប្រ.ហារឥណ្ឌូណេស៊ី ហើយបង្កជាស៊ូណាមិខ្នាតតូចថែមទៀត
N
Nary Vann
6 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ គ្រោះធម្មជាតិដ៏គួរឱ្យភ័យខ្លាចមួយ បានអង្រួនប្រជុំកោះឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២ ខែមេសានេះ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារពីក្នុងសមុទ្ទ ម៉ូលូកា (Molucca) ក្នុងជម្រៅ៣៥គីឡូម៉ែត្រក្រោមបាតសមុទ្ទ។

រំញ័រដ៏ខ្លាំងក្លានេះ បានអូសបន្លាយពេលពី១០ទៅ២០វិនាទី បង្កជាការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងក្រុង ប៊ីទុង (Bitung) និងក្រុង ធឺណេត (Ternate) រហូតធ្វើឱ្យមនុស្សម្នារត់ប្រសាចចេញពីផ្ទះសម្បែងទាំងព្រលឹងចុងសក់ ខណៈរលកស៊ូណាមិខ្នាតតូចដែលមានកម្ពស់ចន្លោះពី ២០ទៅ៣០សង់ទីម៉ែត្រ បានចាប់ផ្ដើមបោកបក់មកលើឆ្នេរសមុទ្ទក្នុងរយៈពេលមិនដល់កន្លះម៉ោងក្រោយការរញ្ជួយដី។ មហន្តរាយនេះ បានបណ្ដាលឱ្យស្ត្រីវ័យ៧០ឆ្នាំម្នាក់បាត់បង់ជីវិត និងអ្នកស្រុកម្នាក់ទៀតរងរបួស ខណៈដែលការវាយតម្លៃបឋម បង្ហាញពីការខូចខាតសំណង់អគារមួយចំនួន រួមមានព្រះវិហារមួយនិងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត។ មជ្ឈមណ្ឌលព្រមានរលកស៊ូណាមិប៉ាស៊ីហ្វិក បានបញ្ជាក់ថា រលកដែលបានកត់ត្រានៅឆ្ងាយរហូតដល់ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីនៅតែបន្តតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់បំផុត ដោយសារតែមានការរញ្ជួយដីតូចៗកើតឡើងជាបន្តបន្ទាប់នៅក្បែរតំបន់រងគ្រោះ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក អាប់ឌុល មូហារី (Abdul Muhari) បានចេញសេចក្តីថ្លែងការណ៍ព្រមានដល់សហគមន៍ដែលរស់នៅតាមបណ្ដាយឆ្នេរសមុទ្ទ ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ និងហាមដាច់ខាតការត្រឡប់ទៅកាន់តំបន់ឆ្នេរវិញ រហូតដល់មានការបញ្ជាក់ជាផ្លូវការថាស្ថានភាពបានត្រឡប់មកជាធម្មតា។ ព្រឹត្តិការណ៍នេះ បានរំឭកជាថ្មីអំពីគ្រោះថ្នាក់ដែលឥណ្ឌូណេស៊ីតែងតែជួបប្រទះ ដោយសារតែភូមិសាស្ត្ររបស់ប្រទេសនេះស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្លើង ដែលងាយរងគ្រោះបំផុតដោយសារការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងដែលមិនអាចដឹងមុនបាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត