
រដ្ឋធានីហ្សាការតា៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអាន់តារ៉ា(Antara) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសាថា យ៉ាងហោចណាស់ មានមនុស្ស១២នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសសន្ធៅនៅស្ថានីយបញ្ចូលហ្គាសមួយកន្លែង ស្ថិតនៅក្បែរតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងសង្កាត់បេកាស៊ី (Bekasi) ភាគខាងកើតនៃរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃពុធទី១ ខែមេសា។ អណ្តាតភ្លើងដ៏សន្ធោសន្ធៅបានឆាបឆេះយ៉ាងខ្លាំង រហូតធ្វើឱ្យផ្ទៃមេឃនាពេលរាត្រីប្រែទៅជាពណ៌ទឹកក្រូច។ លោក អ៊ីដាំ ខូលីដ (Idham Kholid) មន្ត្រីផ្នែកកាត់បន្ថយគ្រោះមហន្តរាយនៅសង្កាត់បេកាស៊ី បានបញ្ជាក់ថា មិនមានអ្នកបាត់បង់ជីវិតឡើយ ប៉ុន្តែមានមនុស្ស ១២នាក់បានរងរបួស។ ក្រៅពីគ្រោះថ្នាក់ដល់មនុស្ស អគ្គិភ័យនេះក៏បានបង្កការខូចខាតធ្ងន់ធ្ងរផងដែរដល់ផ្ទះសម្បែង និងយានយន្តមួយចំនួន ដែលស្ថិតនៅក្បែរនោះ។ រហូតមកដល់ពេលនេះ មូលហេតុពិតប្រាកដដែលនាំឱ្យមានការឆាបឆេះស្ថានីយហ្កាសនេះ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕



