ព្យុះស៊ីនឡាគូ បន្តមានឥទ្ធិពលធ្វើឱ្យតំបន់ទាំង៣របស់កម្ពុជា មានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ
S
Sreyleak Yith
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ តំបន់មាត់សមុទ្ទ តំបន់វាលទំនាប តំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយសាររងឥទ្ធិពលពីព្យុះឈ្មោះ ស៊ីនឡាគូ។ ព្យុះនេះ នឹងមានឥទ្ធិពលមកលើរបបខ្យល់មូសុងឦសាន ហើយបក់លើសមុទ្ទកម្ពុជា សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ។

ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី នឹងធ្វើឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។

រីឯតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៧អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿន២ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។

ចំណែកតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ មានល្បឿនម៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត