
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅទូទាំងរាជធានីភ្នំពេញ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវនឹងថ្ងៃទី១៥មេសា ឆ្នាំ២០២៦ បានស្រូលទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណ១លាន៦សែននាក់ ទៅទស្សនា និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ។ នេះបើតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦មេសា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ បន្ថែមពីនេះ នៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។ លោកស្រីអះអាងថា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តនៅតាមទីតាំងនីមួយៗសរុបចំនួន១ ៥៨៣ ៣០៧នាក់ និងមានភ្ញៀវទេសចរបរទេសចំនួន១៧៩៤០នាក់។ លោកស្រីបន្ថែមថា ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ពលរដ្ឋដើរលេងកម្សាន្ត ដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណ៍ណាមួយកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ ។

សូមជម្រាបថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញមានកម្មវិធីបង្ហាញពីទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែងនិងមាននៅតំបន់ផ្សេងៗទៀតជាច្រើន ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយថែមទៀត៕





