
រាជធានីភ្នំពេញ៖ បរិមាណសំរាមនៅរាជធានីភ្នំពេញ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរមានការថយចុះ១៦ភាគរយបើធៀបនឹងឆ្នាំមុន ខណៈក្រសួងបរិស្ថានចាត់ទុកថា នេះ បង្ហាញពីការផ្លាស់ប្ដូរផ្នត់គំនិតលើការទុកដាក់សំរាម និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ពលរដ្ឋ...។

ក្រសួងបរិស្ថាន ប្រកាសនៅថ្ងៃទី១៦មេសាដោយអះអាងថា តាមការសង្កេត និងរបាយការណ៍របស់អាជ្ញាធរឃើញថា បរិមាណសំរាមប្រមូលបាននៅរាជធានីភ្នំពេញក្នុងថ្ងៃទី១៤មេសា មានចំនួនប្រមាណ ២៦០៩តោន។ បរិមាណសំរាមនេះ បានធ្លាក់ចុះ៣៨ភាគរយ ធៀបនឹងបរិមាណសំរាមប្រមូលបានប្រចាំថ្ងៃនៅរាជធានីភ្នំពេញ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ការថយចុះនេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ក្នុងការទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសម្អាតបរិស្ថាន នៅតាមទីសាធារណៈ និងនៅតាមមូលដ្ឋានរស់បានស្អាត។ លោក ខ្វៃ អាទិត្យា សង្កត់ធ្ងន់ថា៖«ការផ្លាស់ប្ដូរផ្នត់គំនិតនេះជាសញ្ញាវិជ្ជមានសម្រាប់បរិស្ថាននៅកម្ពុជា»។

តាមក្រសួងបរិស្ថាន លើសពីការចូលរួមរបស់ពលរដ្ឋ ការចូលរួមពីអ្នកពាក់ព័ន្ធ រាប់តាំងពីមន្រ្តីក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ជាន់ថ្នាក់ រួមជាមួយ អាជ្ញាធរមូលដ្ឋាន យុវជន និងអង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកមកចូលរួមដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យសំរាមថយចុះ។ កម្ពុជាកំពុងមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកបរិស្ថានស្អាតជាងមុន ដោយប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង និងទុកដាក់សំរាមត្រឹមត្រូវ ក្នុងអំឡុងពិធីបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ៕





