
រដ្ឋធានីសេអ៊ូល៖ ស្ថានភាពនៅឧបទ្វីបកូរ៉េ បានត្រឡប់មកមានភាពតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីកងយោធាកូរ៉េខាងត្បូងរកឃើញថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុមិនស្គាល់អត្តសញ្ញាណ ឆ្ពោះទៅកាន់សមុទ្ទខាងកើត នៅព្រឹកថ្ងៃទី៨ ខែមេសានេះ...។

ការបាញ់បង្ហោះលើកទីពីរក្នុងរយៈពេលពីរថ្ងៃនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រដ្ឋធានីព្យុងយ៉ាងប្រកាសយ៉ាងដាច់អហង្កា ថា ខ្លួននៅតែចាត់ទុកកូរ៉េខាងត្បូង ជារដ្ឋសត្រូវដដែល។ កាលពីថ្ងៃអង្គារ កងទ័ពកូរ៉េខាងត្បូង ក៏បានរកឃើញការបាញ់បង្ហោះមីស៊ីលបាលីស្ទីកមួយគ្រាប់ ចេញពីតំបន់ជិតរដ្ឋធានីព្យុងយ៉ាងផងដែរ។ ប៉ុន្តែតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានយ៉ុនហាប់ (Yonhap) មីស៊ីលនោះ ហាក់ដូចជាមានបញ្ហាបច្ចេកទេសមិនប្រក្រតីភ្លាមៗ ក្រោយការបាញ់បង្ហោះ និងបានបាត់ដានពីប្រព័ន្ធរ៉ាដា នាំឱ្យមានការសន្មតថា ជាការបរាជ័យនៃបេសកកម្មសាកល្បង។

ទោះបីជាកាលពីថ្ងៃចន្ទ កូរ៉េខាងជើងហាក់បង្ហាញឥរិយាបថវិជ្ជមានបន្តិចបន្តួច ចំពោះការសម្ដែងការសោកស្ដាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង (Lee Jae-myung) ជុំវិញបញ្ហាលបចូលនៃដ្រូនកាលពីដើមឆ្នាំក៏ដោយ ប៉ុន្តែក្ដីសង្ឃឹមចង់បានសន្តិភាពត្រូវបានរលាយបាត់ទៅវិញភ្លាមៗ។ លោក ចាង គុំឈុល Jang Kum Chol មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា៖«អត្តសញ្ញាណរបស់កូរ៉េខាងត្បូង ក្នុងនាមជារដ្ឋសត្រូវដ៏គ្រោះថ្នាក់បំផុតចំពោះកូរ៉េខាងជើង មិនអាចផ្លាស់ប្ដូរបានឡើយ ទោះបីជាមានសម្ដី ឬទង្វើណាមួយក៏ដោយ»។

លោក ចាង ក៏បានបញ្ជាក់បន្ថែមផងដែរថា សាររបស់លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីមេដឹកនាំ គីម ជុងអ៊ុន កាលពីមុន គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរទៅកាន់រដ្ឋធានីសេអ៊ូល មិនមែនជាការបង្ហាញមិត្តភាពដូចដែលភាគីខាងត្បូង យល់សប្តិឃើញនោះទេ។ បច្ចុប្បន្ន អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កំពុងតាមដាន និងវិភាគយ៉ាងដិតដល់នូវប្រភេទអាវុធដែលកូរ៉េខាងជើង ទើបតែបានបាញ់បង្ហោះ ខណៈពិភពលោកបារម្ភថា របបព្យុងយ៉ាងកំពុងឆ្លៀតឱកាសពេលអាម៉េរិកជាប់ដៃនៅមជ្ឈិមបូព៌ា ដើម្បីពង្រឹងឥទ្ធិពលយោធារបស់ខ្លួន៕


