
រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសនៅថ្ងៃសុក្រទី៣ ខែមេសា ពីផែនការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ព្រមទាំងរួមគ្នាដោះស្រាយវិបត្តិសេដ្ឋកិច្ច និងថាមពល ដែលបង្កឡើងដោយសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែលកម្ទេចអ៊ីរ៉ង់។

មេដឹកនាំនៃប្រទេសទាំង២ បានប្តេជ្ញាធានាសន្តិសុខដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសនៅច្រកសមុទ្ទហ័រមូស្ស ដែលត្រូវបានអ៊ីរ៉ង់បិទខ្ទប់ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល។ មែនទែនទៅ ក្នុងនាមជាប្រទេសផលិតអាវុធធំៗដូចគ្នា បារាំង-កូរ៉េខាងត្បូង នឹងពង្រឹងការធ្វើសមយុទ្ធរួមគ្នា និងកិច្ចសហការលើខ្សែច្រវាក់ផលិតកម្មសព្វាវុធ ដើម្បីពង្រីកវិសាលភាពយុទ្ធសាស្ត្រយោធារបស់ពួកគេ។ សូមជម្រាបថា ប្រទេសទាំង២ បានព្រមព្រៀងគ្នាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២០ពាន់លានដុល្លារនៅឆ្នាំ២០៣០។

ក្រៅពីនេះ មេដឹកនាំទាំង២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើវិស័យសំខាន់ៗ ដូចជា៖ រ៉ែដីកម្រ, បន្ទះឈីប, ថាមពលនុយក្លេអ៊ែរ, ថាមពលខ្យល់, និងបច្ចេកវិទ្យា។ គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចកម្រិតរដ្ឋលើកដំបូងរបស់ប្រធានាធិបតីបារាំងទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ២០១៥មក ដែលបង្ហាញពីការរឹតបន្តឹងចំណងមិត្តភាពរវាងអឺរ៉ុប និងអាស៊ី ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិសន្តិសុខដ៏ស្រួចស្រាវ៕


