
រដ្ឋធានីប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរទៅដល់រដ្ឋធានីប៉េកាំង នៅថ្ងៃអង្គារទី១៤ ខែមេសានេះ ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហានានា រួមទាំងសង្គ្រាមនៅមជ្ឈិមបូព៌ាផងដែរ។ រូបភាពពីក្រសួងការបរទេសរុស្ស៊ី បានបង្ហាញថា លោក ឡាវរ៉ូវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅលើកម្រាលព្រំក្រហម ពេលទៅដល់រដ្ឋធានីរបស់ចិន។

លោក ឡាវរ៉ូវ នឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) ដើម្បីផ្លាស់ប្ដូរមតិ សម្របសម្រួលជំហរលើទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម។ លើសពីនេះ ភាគីទាំង២ នឹងជជែកអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលអាម៉េរិក-អ៊ីស្រាអែល រួមគ្នាវាយអ៊ីរ៉ង់។ រដ្ឋធានីប៉េកាំង និងម៉ូស្គូ គឺជាដៃគូសេដ្ឋកិច្ច និងនយោបាយដ៏ជិតស្និទ្ធ ហើយគេមើលឃើញទំនាក់ទំនងនេះ ហាក់កាន់តែស៊ីជម្រៅចាប់តាំងពីផ្ទុះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅឆ្នាំ២០២២មក៕



