
រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ ទោះបីការចរចាកាលពីចុងសប្តាហ៍កន្លងទៅ បានទទួលបរាជ័យ រហូតធ្វើឱ្យសហរដ្ឋអាម៉េរិក សម្រេចចិត្តដាក់វិធានការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ក៏ដោយ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហើបឱ្យដឹងកាលពីថ្ងៃទី១៤ ខែមេសាថា ការចរចាសន្តិភាពអាចនឹងត្រូវរៀបចំឡើងវិញនៅប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល២ថ្ងៃខាងមុខ...។

នៅក្នុងបទសម្ភាសជាមួយកាសែតញ៉ូវយ៉កប៉ុស្តិ៍ (New York Post) លោក ត្រាំ បានមានប្រសាសន៍ថា៖«អ្វីៗអាចនឹងកើតឡើងក្នុងរយៈពេល២ថ្ងៃទៀត ហើយយើងកំពុងមានទំនោរចង់ទៅទីនោះ (ប៉ាគីស្ថាន)សាជាថ្មី»។ សម្ដីរបស់លោក ត្រាំ ត្រូវបានគាំទ្រដោយមន្ត្រីមកពីតំបន់ឈូងសមុទ្ទ ប៉ាគីស្ថាន និងអ៊ីរ៉ង់ ដែលបញ្ជាក់ថា ក្រុមការងារចរចារបស់ភាគីទាំងពីរអាចនឹងត្រឡប់មកជួបគ្នានៅចុងសប្តាហ៍នេះ តែខាងអ៊ីរ៉ង់អះអាងថា មិនទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

សញ្ញាវិជ្ជមាននៃការបន្តផ្លូវការទូតនេះ បានជួយធ្វើឱ្យទីផ្សារប្រេងពិភពលោកមានភាពធូរស្រាល ដោយតម្លៃប្រេងបានធ្លាក់ចុះមកក្រោម១០០ដុល្លារក្នុងមួយបារ៉ែលវិញ កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ ស្ថានភាពយោធានៅតែមានភាពតានតឹងខ្លាំង បន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិកចាប់ផ្ដើមបិទផ្លូវនាវាដឹកជញ្ជូនចេញ-ចូលកំពង់ផែរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការដែលអ៊ីរ៉ង់បន្តបិទច្រកសមុទ្ទហ័រមូស្ស។

ជោគវាសនានៃបទឈប់បាញ់ដែលនៅសល់រយៈពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ កំពុងស្ថិតនៅលើមាត់ជ្រោះ ខណៈបញ្ហាសំខាន់ៗដូចជា ការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្មសេដ្ឋកិច្ច នៅតែជាចំណុចក្ដៅគគុកដែលភាគីទាំងពីរមិនទាន់អាចរកចំណុចរួមឃើញ។ អ៊ីរ៉ង់ក៏បានព្រមានវាយបកលើនាវាចម្បាំងណាដែលហ៊ានឆ្លងកាត់ច្រកសមុទ្ទ និងសងសឹកលើកំពង់ផែរបស់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្ទផងដែរ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តការបិទខ្ទប់៕



