
អន្តរប្រទេស៖ ប្រជាពលរដ្ឋខ្មែរដែលរស់នៅ សិក្សា ក៏ដូចជាធ្វើការនៅប្រទេសម៉ាឡេស៊ី កូរ៉េ និងប្រទេសជប៉ុន ចំនួនប្រមាណ២៨៥០០នាក់ បានរៀបចំធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិឱ្យជនបរទេសបានស្គាល់...។

បើតាមតេទ្បេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា ពលករ សហគមន៍ខ្មែរ និស្សិតដែលកំពុងធ្វើការងារ និងស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ចំនួនប្រមាណជាង៥០០នាក់ បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ យ៉ាងសប្បាយរីករាយ និងអធិកអធម ដើម្បីបង្ហាញវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិខ្មែរ លើឆាកអន្តរជាតិឱ្យកាន់តែរឹងមាំ។

រីឯ ពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េប្រមាណ២ម៉ឺននាក់ ក៏បានរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចំនួន១២ទីតាំង ដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរផងដែរ។ ក្នុងនោះ មានការលេងល្បែងប្រជាប្រិយ ការរាំកម្សាន្ត និងការជួបជុំពិសាអាហារ ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនខ្មែរនៅក្រៅប្រទេសក្នុងការរួបរួមសាមគ្គីភាព បន្តរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែរឹងមាំនៅលើឆាកអន្តរជាតិ ដែលជាការពូនជ្រំសាមគ្គីភាពរបស់បងប្អូនជនរួមជាតិខ្មែរតែមួយ ដែលកំពុងរស់នៅឯបរទេស។

ចំណែក ពលករ សហគមន៍ខ្មែរ និងនិស្សិតខ្មែរ នៅប្រទេសជប៉ុនប្រមាណ៨ពាន់នាក់ បានរៀបចំអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចំនួន១៣ទីតាំងដោយមានអ្នកចូលរួមប្រមាណជាង៨ពាន់នាក់។ ការធ្វើនេះ ជាវេទិកាសំខាន់ដែលបង្ហាញពីសាមគ្គីភាពជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបន្តរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងបង្ហាញអត្តសញ្ញាណជាតិខ្មែរដ៏សម្បូរបែប និងផូរផង់នៅលើឆាកអន្តរជាតិ៕



