
ក្រុងសិរីសោភ័ណ៖ ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ មានភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ សរុបចំនួន ១៨៧ ៧៨៤នាក់ កើនឡើង ៤៩,៣៧ភាគរយ ប្រៀបធៀបថ្ងៃទី១នៃបុណ្យចូលឆ្នាំ ឆ្នាំ២០២៤មានចំនួន ១២៥ ៧១៦នាក់...។

លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំមានបងប្អូនប្រជាពលរដ្ឋក្មេង-ចាស់មកលេង នៅសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ពួកគាត់រាំលេងកម្សាន្ត លេងចាក់ទឹក បាញ់ទឹកសាប៊ូ បាតម្ស៉ៅ ចំណែកនៅតាមគេហដ្ឋាន និងនៅតាមដងផ្លូវជាតិវិញក៏មានលេងដែរ។ លើសពីនេះ ក៏មានការប្រគំតន្ត្រីនៅពេលយប់ និងនៅតាមវត្តអារាមមានលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ។ លោកមេបញ្ជការបន្ថែមថា ក្នុងសួនតេជោឈ្នះឈ្នះ មានរៀបចំស្តង់លក់ទំនិញចំនួន៦០ និងជុំវិញសួនមានស្តង់សហគមន៍ផលិតផល១ភូមិ១មានចំនួន២២។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត អ៊ំ រាត្រី មានប្រសាសន៍ថា សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ពិសេសក្រុមយុវជន យុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះកុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ដើម្បីការពារផ្ទុះសេខ្សែភ្លើងដែលបង្កឱ្យឆេះរាលដាលបង្កឱ្យខូចខាតទ្រព្យសម្បត្តិណាមួយជាយថាហេតុ៕




