
រាជធានីភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី១៥មេសា ត្រូវនឹងថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានចេញមកទាត់ចោលការផ្សាយរបស់ភាគីថៃ បានបំភ្លៃព័ត៌មានថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់»...។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី ម៉ាលី សុជាតា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង និងបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ថា៖«កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះគឺជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិត ធ្វើឡើងក្នុងចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងជាថ្មីថា ថៃជាអ្នកបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី ដូច្នេះ ប្រសិនបើចង់បើកឡើងវិញ វាក៏ជាការទទួលខុសត្រូវរបស់ថៃក្នុងការបើកឡើងវិញជាឯកតោភាគីដែរ ហើយកម្ពុជាតែងតែបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយសមស្រប និងត្រឹមត្រូវ។

ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ចៀសវាងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិត ក្លែងក្លាយ៕



