
ក្រុងសិរីសោភ័ណ៖ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចូលឆ្នាំខ្មែរទីមួយ គេឃើញមានយុវជន-យុវនារី និងក្មេងៗរាប់ពាន់នាក់ បានមកលេងសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ នាំគ្នារាំ និងលេងល្បែងប្រជាប្រិយយកថែមរង្វាន់ទៀតផង។ ចំណែកវ័យចំណាស់ និងវ័យកណ្ដាល ពុំឃើញមានវត្តមាននៅក្នុងកម្មវិធីរាំលេងកម្សាន្ត និងល្បែងប្រជាប្រិយនេះឡើយ..។

នៅក្នុងសួនតេជោឈ្នះឈ្នះនោះដែរ ក្រៅពីរាំលេង លេងល្បែងប្រជាប្រិយ ឃើញមានលេងប៉ាតម្សៅ តែគ្មានអំពើហិង្សាកើតឡើងឡើយ ពោលគឺមានសន្តិសុខសណ្តាប់ធ្នាប់ល្អ ដោយសារតែមានអង្គភាពទាំង៣ដូចជា កងកម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកទាំងថ្ងៃទាំងយប់។ ក្នុងនោះ ក៏មានឧបត្ថម្ភនំបញ្ចុកចំនួន៣០០គីឡូក្រាម ពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ សម្រាប់ឱ្យអ្នកដែលមកចូលរួមលេងនៅសួនអាចពិសាបានដោយសេរី។

ជាមួយគ្នា លោកអភិបាលក្រុង អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសក្រុមយុវជន យុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កុំប្រើប្រាស់គ្រឿងញៀន រក្សាទុកជួញដូរ ព្រោះវាជាអំពើខុសច្បាប់។ លើសពីនេះ កុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ កុំលេងគប់ទឹកតាមដងផ្លូវសាធារណៈ ។ មួយវិញទៀត សូមប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ខ្សែភ្លើង ដែលអាចបង្កឱ្យឆេះរាលដាល បង្កឱ្យខូចខាតទ្រព្យសម្បត្តិ៕ រាយការណ៍ដោយ៖ លោក ឈុន មករា




