
ក្រុងក្រចេះ៖ ក្រុមក្មេងទំនើងមានគ្នាប្រមាណ១២នាក់ ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំង និងបើកបរក្នុងល្បឿនលឿន ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ បង្កការរំខានដល់ប្រជាជនកំពុងធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី១ កាលពីថ្ងៃទី១៤មេសាមិ្សលមិញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងក្រចេះ ចុះបង្ក្រាប...។

លោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា ក្មេងទំនើងទាំង១២នាក់ខាងលើ និងម៉ូតូដែលជាវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជហត្ថខេត្ត ដើម្បីធ្វើការអប់រំណែនាំ និងមានចំណាត់ការ។ លោកបញ្ជាក់ថា ការណែនាំនេះត្រូវឃាត់ខ្លួនជនសង្ស័យទាំង១២នាក់ រយៈពេល៤៨ម៉ោង និងរក្សាទុកម៉ូតូរយៈពេល៣ខែ ទើបអនុញ្ញាតឱ្យយកទៅប្រើប្រាស់វិញជាធម្មតា។

ទោះយ៉ាងណា ក្នុងករណីនេះ មហាជនជាច្រើនបានស្នើឱ្យមន្ត្រីអនុវត្តច្បាប់ កុំលើកលែង ឬគ្រាន់តែអប់រំក្រុមយុវជនទំនើងទាំងនេះឱ្យសោះ ព្រោះពួកគេបានបង្ហាញភាគឃ្លើនដាក់សមត្ថកិច្ចជារឿយៗ ដូច្នេះ បើត្រឹមតែចាប់មកអប់រំហើយដោះលែងវិញ នោះពួកគេមិនរាងចាលឡើយ។ យ៉ាងណា មហាជនបានថ្លែងអរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានចុះបង្ក្រាបក្រុមក្មេងទំនើងទាំងនេះ ដើម្បីកុំឱ្យបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកំលុងពេលចូលឆ្នាំថ្មីនេះតែម្ដង៕ រាយការណ៍ដោយ៖ លោក SN



