
រដ្ឋធានីប៉េកាំង៖ ភាពតានតឹងផ្នែកការទូតបានកើតឡើងរវាងប្រទេសបារាំង និងចិន បន្ទាប់ពីក្រសួងការបរទេសបារាំង ប្រកាសថា អាជ្ញាធរចិនបានអនុវត្តទោសប្រហារជីវិតលើបុរសជនជាតិបារាំងម្នាក់ឈ្មោះ ចាន់ តាវ ភូមី (Chan Thao Phoumy) ដែលត្រូវបានកាត់ទោសពីបទជួញដូរគ្រឿងញៀន តាំងពីឆ្នាំ២០១០...។

លោក ភូមី មានវ័យ៦២ឆ្នាំ និងមានដើមកំណើតនៅប្រទេសឡាវ ត្រូវបានប្រហារជីវិតនៅក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលបារាំង ក្នុងការស្នើសុំការលើកលែងទោសលើមូលដ្ឋានមនុស្សធម៌យ៉ាងណាក៏ដោយ។ ក្រសួងការបរទេសបារាំង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងបានរិះគន់ក្រុមមេធាវីការពារក្ដីរបស់លោក ភូមី មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសវនាការចុងក្រោយឡើយ នេះគឺជាការរំលោភលើសិទ្ធិជនជាប់ចោទយ៉ាងធ្ងន់ធ្ងរ។ បារាំង ក៏បានឆ្លៀតឱកាសនេះ រំឭកឡើងវិញនូវជំហរប្រឆាំងដាច់ខាតចំពោះទោសប្រហារជីវិតនៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់ ដោយអំពាវនាវឱ្យមានការលុបបំបាត់ទោសនេះជាសកល។

ផ្ទុយទៅវិញ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយចំៗលើករណីនេះឡើយ ប៉ុន្តែបានបញ្ជាក់ថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាការទទួលខុសត្រូវរួមរបស់គ្រប់ប្រទេសទាំងអស់។ រដ្ឋធានីប៉េកាំង បានសង្កត់ធ្ងន់ថា ខ្លួនអនុវត្តច្បាប់ដោយស្មើភាពគ្នា ចំពោះជនជាប់ចោទគ្រប់សញ្ជាតិ ដោយប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងយុត្តិធម៌បំផុត ដើម្បីការពារសន្តិសុខសង្គម៕



