
រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានអះអាងថា ប្រហែល១៥ប្រទេស កំពុងរៀបចំផែនការដើម្បីជួយសម្រួលដល់ការចាប់ផ្តើមឡើងវិញនូវនាវាចរណ៍តាមច្រកសមុទ្ទហ័រមូស្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនការផ្គត់ផ្គង់ប្រេង២០ភាគរយរបស់ពិភពលោក បន្ទាប់ពីបទឈប់បាញ់រយៈពេល១៤ថ្ងៃ រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវបានប្រកាស។

លោក ម៉ាក្រុង បានថ្លែងនៅថ្ងៃពុធទី៨ ខែមេសា ក្នុងកិច្ចប្រជុំការពារជាតិជាមួយក្រុមទីប្រឹក្សា និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកថា៖«ប្រហែល១៥ប្រទេស កំពុងកៀរគរកម្លាំង និងចូលរួមក្នុងផែនការក្រោមការដឹកនាំរបស់ប្រទេសបារាំង ដើម្បីអនុវត្តបេសកកម្មការពារដ៏តឹងរ៉ឹងនេះ ដោយមានការសម្របសម្រួលជាមួយអ៊ីរ៉ង់ ដើម្បីសម្រួលដល់ការចាប់ផ្តើមចរាចរណ៍ឡើងវិញ»។ លោក ម៉ាក្រុង បានបញ្ជាក់ថា លោកស្វាគមន៍ចំពោះបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក ប៉ុន្តែស្ថានភាពនៅក្នុងប្រទេសលីបង់នៅតែស្ថិតក្នុងភាពធ្ងន់ធ្ងរនៅឡើយ។ លើសពីនេះ លោក ម៉ាក្រុង បានអំពាវនាវឱ្យរាប់បញ្ចូលប្រទេសលីបង់ ទៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

ប្រទេសបារាំង នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលីបង់ ដែលជាអតីតប្រទេសធ្លាប់ស្ថិតក្រោមនឹមអាណានិគមរបស់ខ្លួន។ «បំណងប្រាថ្នារបស់យើងក្នុងបរិបទនេះ គឺចង់ធានាឱ្យបានច្បាស់ថា បទឈប់បាញ់នេះរួមបញ្ចូលប្រទេសលីបង់ទាំងស្រុង»។ នេះជាសម្តីដ៏មុតស្រួចហោះចេញពីមាត់របស់លោក ម៉ាក្រុង៕



