រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវឱ្យជនរួមជាតិសាទរឆ្នាំថ្មីដោយការទទួលខុសត្រូវ និងបន្តបំពេញភារកិច្ចរៀងខ្លួនឱ្យបានល្អ
S
Soriya Sou
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ ចូលរួមសាទរឆ្នាំថ្មីប្រកបដោយការទទួលខុសត្រូវ និងត្រូវបន្តបំពេញភារកិច្ចរៀងខ្លួនឱ្យបានល្អ កុំធ្វើឱ្យវីរយុទ្ធជនជួរមុខ ខកចិត្ត...។

ថ្លែងសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១៤មេសា ត្រូវនឹងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា អំពាវនាវឱ្យជនរួមជាតិមានទស្សនៈឯកភាពគ្នា ថា អ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺការរីករាយសាទរឆ្នាំថ្មីប្រកបដោយការទទួលខុសត្រូវ ដោយមិនប្រព្រឹត្តអំពើខុសច្បាប់ រួមទាំងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការបន្តខិតខំបំពេញតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អក្នុងឆ្នាំថ្មី បើទោះក្នុងវិស័យណាក៏ដោយ។ ការអំពាវនាវដូច្នេះ ក្រោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះសារថា៖«របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ កម្ពុជានៅមានការលំបាកតាមព្រំដែនជាមួយថៃ លើផ្នែកមួយ[ចំនួន]នៃដែនដី ដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹក ប៉ុន្តែក៏មិនអាចទុកឱ្យប្រជាជនកម្ពុជាជាង១៧លាននាក់ មិនអាចសប្បាយរីករាយក្នុងពេលចូលឆ្នាំទេ»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះក្រោយមានក្រុមប្រឆាំង រិះគន់រាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កាន្ត ថា មិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹក។ 

លោក ស សុខា បានលើកឡើងថា៖ «ប្រសិនបើយើងបណ្ដែតបណ្ដោយឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គម ត្រូវរាំងស្ទះ ឬជាប់គាំងដោយប្រការណាមួយ វាមិនមែនត្រឹមតែជាការដាក់បន្ទុកថ្មីមួយទៀតលើជាតិ និងប្រជាជនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ខ្ញុំ វាក៏មានន័យថា យើងកំពុងធ្វើឱ្យវីរយុទ្ធជនជួរមុខ ខកចិត្តផងដែរ»។ ខកចិត្ត ដ្បិតពួកគាត់ដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនដោយគ្មានឱកាសបានមកជួបជុំក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចពេលនេះ ពីព្រោះពួកគាត់កំពុងបំពេញតួនាទីភារកិច្ច ដើម្បីសម្រេចបាននូវបុព្វហេតុធំៗពីរ។ នោះគឺ ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី និងដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃជីវភាពសង្គមសម្រាប់ជនរួមជាតិ នៅឯសមរភូមិក្រោយ។

«អំពើឈ្លានពានរបស់ថៃ បានធ្វើឱ្យជាតិយើងជួបទុក្ខ ប៉ុន្តែយើងមិនអង្គុយយំជាដាច់ខាត យើងមិនត្រូវអនុញ្ញាតឱ្យអំពើឈ្លានពាននេះ ជះឥទ្ធិពលអវិជ្ជមានដល់ដំណើរឆ្ពោះទៅមុខរបស់ជាតិយើងបានឡើយ»។ នេះជាសារបន្ថែមរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត