
រាជធានីភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សាសនា នៅក្នុងប្រទេសកម្ពុជា សូមបន្តរួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់វីរភាពដ៏អង់អាចរបស់យុទ្ធជនជួរមុខ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលការពារព្រំដែន ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី ពីការកងទ័ពចោរសៀមឈ្លានពាន…។

ថ្លែងក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ២០សីហា ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្ដានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» លោកឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា យុទ្ធជនជួរមុខរបស់ជាតិ បាននិងកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ កងកម្លាំងជួរមុខប្រៀបបានជាខែលដ៏រឹងមាំរបស់ជាតិ រួមទាំងការ[ការពារសុខសន្តិភាព] ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការឈានទៅសម្រេចបានវឌ្ឍនភាព នូវកិច្ចការផ្សេងៗទៀតគ្រប់វិស័យ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។

លោកក៏បានសង្កេតឃើញថា បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា គ្រប់ជំនឿសាសនាទាំងអស់កំពុងស្រុះដៃគ្នាយ៉ាងខ្លាំងក្នុងការសាមគ្គី គាំទ្រ ប្រកបដោយភាពទន់ភ្លន់ រួមគ្នាជាធ្លុងមួយ ក្នុងការរួមចំណែកជួយដល់រាជរដ្ឋាភិបាល ដើម្បីការពារប្រទេស និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ យ៉ាងណា ក្នុងនាមរាជរដ្ឋាភិបាល លោក ស សុខា បានបន្តលើកទឹកចិត្ត និងអំពាវនាវបន្ថែមទៀតដល់ជនរួមជាតិ ប្រជាពលរដ្ឋគ្រប់សាសនា សូមបន្តប្រកៀកស្មា គាំទ្ររាជរដ្ឋាភិបាល និងយុទ្ធជនជួរមុខ ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ពីការឈ្លានពានរបស់សត្រូវ។ លោកអះអាងជាថ្មីថា កម្ពុជានៅតែបន្តឆន្ទៈដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ហើយកម្ពុជាគ្មានឆន្ទៈណាមួយក្នុងការទៅបំពានយកទឹកដីរបស់ប្រទេសជិតខាងនោះទេ៕




