
ក្រុងព្រះវិហារ៖ បន្ទាប់ពីសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន លួចឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជនភៀសសឹក ចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ព្រោះអាចប្រឈមគ្រោះថ្នាក់ ថែមទាំងរងការប្រមាថមាក់ងាយពីសំណាក់ប្រជាជនថៃមួយចំនួនទៀតផង…។

ក្នុងឱកាសនាំយកអំណោយជាច្រើនចែកជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យុទ្ធជនជួរមុខរបស់ជាតិ ទាំងកម្លាំងកងយុទ្ធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន បានប្រយុទ្ធទប់ទល់សត្រូវឈ្លានពានប្រកបដោយភាពអង់អាចក្លាហាន ការពារបានយ៉ាងរឹងមាំបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ខណៈនយោបាយការទូត ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ស្នាដៃនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសហគមន៍អន្តរជាតិទទួលស្គាល់ គាំទ្រ និងផ្ដល់កិត្តិយស ដោយចាត់ទុកកម្ពុជា មានភាពចាស់ទុំ ប្រកបដោយបទពិសោធ និងជារដ្ឋគំរូ ដែលផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព និងច្បាប់អន្តរជាតិ។

គិតមកដល់ពេលនេះ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហាក់ស្ងប់ស្ងាត់បន្តិច ខណៈរាជរដ្ឋាភិបាលកម្ពុជា បានគោរពកិច្ចព្រមព្រៀងបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួន និងប្ដេជ្ញាបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី។ ជាមួយគ្នានេះ លោកលោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមថែរក្សាសុខភាពឱ្យល្អ ត្រៀមលក្ខណៈវិលទៅលំនៅឋានវិញ តាមការសម្របសម្រួលរបស់អាជ្ញាធរ ហើយចាប់ផ្ដើមបន្តសកម្មភាពប្រកបរបរចិញ្ចឹមជីវិត។ «ជាពិសេស សូមចៀសវាងធ្វើដំណើរឆ្លងដែនទៅប្រទេសថៃ ដែលប្រឈមគ្រោះថ្នាក់ និងការប្រមាថមាក់ងាយពីប្រជាជនក្បែរខាងយើងមួយនេះ»។

សូមបញ្ជាក់ផងដែរ ការអំពាវនាវរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ធ្វើឡើងក្រោយមានប្រជាពលរដ្ឋខ្មែរមួយចំនួនតូច បន្តលបលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃតាមរយៈមេខ្យល់ ហើយត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួនបានបន្តបន្ទាប់។ យ៉ាងណា មកដល់ពេលនេះ មានពលរដ្ឋខ្មែរប្រមាណជាង៩០ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត និងត្រៀមដាក់ចេញផែនការថ្មីៗជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការកសាងជីវភាពថ្មីជូនពួកគាត់ផងដែរ៕




