
រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីបារម្ភសម្រាប់កម្ពុជា ជាក់ស្ដែងក្រោយអាជ្ញាធរផ្អាកការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបណ្ដោះអាសន្ន កាលពីថ្ងៃទី២៥កក្កដាកន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានហក់ឡើងវិញគួរឱ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣សីហានេះ លោក ស សុខា ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ នៅកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍សរុប១០៦៦លើក បណ្ដាលឱ្យមនុស្សស្លាប់៦៩៤នាក់ និងរបួស១៤៧៦នាក់។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ ចំនួននេះបានថយចុះ៤៦៨លើក ស្មើនឹង៣១ភាគរយ ខណៈអ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២ភាគរយ និងអ្នករបួសថយចុះ៦៤០នាក់ ស្មើ៣០ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ លោក ស សុខា នៅតែបន្តព្រួយបារម្ភចំពោះបញ្ហានេះ។ ព្រួយបារម្ភ ក៏ព្រោះតែអត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេស ករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះ នឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។ រដ្ឋមន្រ្តីមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ទៀតថា ក្រោយលោកបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ក្នុងកំលុងពេលកម្ពុជា កំពុងប្រឈមមុខនឹងសត្រូវឈ្លានពានថៃ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា។ នេះមានន័យថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ បានធូរស្រាលឡើងវិញ។

លោករដ្ឋមន្រ្តីបានណែនាំដល់មន្រ្តីអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ក្នុងនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ត្រូវពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌ នៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ ព្រោះការប្រើប្រាស់ចាប់ផ្ដើមកើនឡើង ហើយចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍។ ចំណែក រដ្ឋបាលខេត្តមួយចំនួនត្រូវរៀបចំសិក្សាបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ដើម្បីបង្ហាញដល់សាធារណជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ហើយពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕




