បញ្ហាតាមព្រំដែនបង្កឡើងដោយថៃ៖ សម្តេចតេជោ ប្រៀបធៀបថា របួ.សកូនដៃមួយ មិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលឡើយ
Mao Sopha
5 ម៉ោងមុន

រាជធានីភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលកំពុងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានបង្ហោះសារថា «របួសកូនដៃមួយមិនគួរធ្វើឱ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ»។ សម្តេច ចោទសួរថា តើហាមទេវតាមិនឱ្យចុះមកបានទេ? តើហាមប្រជាជនមិនឱ្យចូលឆ្នាំបានទេ បើកម្ពុជាពេលនេះ មិនមានជំងឺឆ្លងកូវីដ-១៩ ដូចឆ្នាំ២០២០ផងនោះ?

សម្តេចប្រមុខរដ្ឋស្តីទី ទទួលស្គាល់ថា កម្ពុជានៅមានការលំបាកតាមព្រំដែនជាមួយថៃ លើផ្នែកមួយ[ចំនួន]នៃដែនដី ដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹក។ សម្តេច បន្តចោទសួរថា សម្រាប់ប្រជាជនកម្ពុជាជាង១៧លាននាក់ផ្សេងទៀត តើទុកឱ្យពួកគាត់នាំគ្នាស្រែកយំឬ? បញ្ឈប់សកម្មភាពសេដ្ឋកិច្ច-សង្គម ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន ។ល។ រហូតទៅបិទមិនឱ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំ ឬយ៉ាងណា?

ជាមួយគ្នា សម្តេចតេជោ សង្កេតឃើញអ្នកប្រឆាំង បានរិះគន់រាជរដ្ឋាភិបាលដែលរៀបចំនគរសង្រ្កាន្តថា មិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹក។ ជាការឆ្លើយតប សម្តេច បានហៅការទិតៀននេះ ថាជាចេតនាធ្វើឱ្យជាតិទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការ ដែលគ្មានសកម្មភាពសេដ្ឋកិច្ច-សង្គម ហើយសម្តេចក៏រំលេចឃ្លាប្រៀបធៀបខាងលើម្តងទៀតថា របួសកូនដៃមួយ មិនគួរធ្វើឱ្យខ្លួនប្រាណ[ពិការទាំងមូល]នោះទេ។ ក្រោយបង្ហោះសារនេះបានបន្តិច ក៏មានអ្នកចូលទៅសរសេរក្នុងប្រអប់ខំមិនថា «របួសកូនដៃ បើមិនព្យាបាលអាចកើតមហារីក»។ សម្តេចតេជោ ចូលទៅឆ្លើយតបវិញភ្លាមថា «គេច្បាស់ជាព្យាបាល គេមិនល្ងង់ទេ»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត