
រាជធានីភ្នំពេញ៖ លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្រ្តីការបរទេសអាម៉េរិក តាងនាមឱ្យអាម៉េរិកទាំងមូល បានជូនពរប្រជាជនកម្ពុជា ដែលកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃជាតិខ្លួន ឱ្យទទួលបានសុខសន្តិភាព ភាពរុងរឿង និងសុខភាពល្អបរិបូណ៌។ សារជូនពររបស់លោក ត្រូវបានបង្ហោះលើគេហទំព័រក្រសួងការបរទេសអាម៉េរិក ហើយក៏ត្រូវបានស្ថានទូតអាម៉េរិកប្រចាំកម្ពុជា យកទៅផ្សព្វផ្សាយបន្តលើទំព័រហ្វេសប៊ុកផងដែរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ។

លោករដ្ឋមន្រ្តី រូប៊ីអូ មើលឃើញថា ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពេលវេលាបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ជាពេលវេលានៃការជួបជុំមិត្តភក្តិបងប្អូនសាច់ញាតិ ហើយក៏ជាពេលវេលាសម្លឹងមើលទៅមុខដោយក្តីសង្ឃឹមផងដែរ។ លើសពីនេះ លោក បានរំលេចឡើងពីទំនាក់ទំនងរវាងអាម៉េរិក និងកម្ពុជា។

«សហរដ្ឋអាម៉េរិក ផ្តល់តម្លៃដល់មិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា និងទំនាក់ទំនងលើវិស័យជាច្រើនរវាងប្រជាជនយើងទាំងពីរ។ សហរដ្ឋអាម៉េរិក សង្ឃឹមថា ទំនាក់ទំនងដ៏រឹងមាំនេះ នឹងកាន់តែរីកចម្រើន ស្របពេលភាពជាដៃគូទ្វេភាគីរបស់យើង កំពុងរីកលូតលាស់ និងទទួលបានផ្លែផ្កា ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិយើងទាំងសងខាង»។ នេះជាសាររបស់ប្រមុខការទូតនៃប្រទេសមហាអំណាច ផ្ញើជូនប្រជាជនកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មី៕




