
ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់ មានជនបរទេសប្រុសស្រីជាង២៦០នាក់ ក្នុងនោះក៏មានជនជាតិថៃផងដែរ ត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួនក្នុងអគារក្រុមហ៊ុន មុងទ័រជាលី សេងមៅឆេង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០មេសា ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃ១៤មេសានេះ។

ក្រោមកិច្ចសហការជាមួយស្ថាប័នអយ្យការ កម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានបើកការស្រាវជ្រាវ រហូតឈានដល់ការឡោមព័ទ្ធទីតាំងខាងលើ ព្រមទាំងក្រសោបជនបរទេសសរុបជាង២៦០នាក់ មាន៩សញ្ជាតិ រួមមាន ចិន១៣៥នាក់ ថៃ៥៨នាក់ ឥណ្ឌា៣០នាក់ មីយ៉ាន់ម៉ា២២នាក់ នេប៉ាល់៦នាក់ ប៉ាគីស្ថាន៤នាក់ រ៉វ៉ាន់ដា៥នាក់ ប៊ូរ៉ុនឌី១នាក់ និងហ្វីលីពីន១នាក់។ ក្រៅពីនេះ អាជ្ញាធរដកហូតសម្ភារបច្ចេកវិទ្យាមួយចំនួន រួមមាន កំព្យូទ័រលើតុ៤២០គ្រឿង និងទូរសព្ទដៃ១៤៥០គ្រឿង។

បច្ចុប្បន្ន មេខ្លោងជនជាតិចិន២នាក់ និងមេខ្លោងជនជាតិមីយ៉ាន់ម៉ាម្នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី។ ចំណែកជនបរទេស២៥៩នាក់ទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្តេញចេញពីកម្ពុជា៕





