កម្ពុជាប្រឆាំងដាច់អហង្ការចំពោះថៃ ដែលកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងដទៃទៀត
Mao Sopha
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា តាមរយៈក្រសួងវប្បធម៌ បានប្រកាសតវ៉ាយ៉ាងមុតមាំ និងយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ផ្សេងៗទៀត ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ 

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌

ក្នុងសេចក្តីថ្លែងការណ៍ចេញនៅយប់ថ្ងៃ១៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន និងសកម្មភាពរបស់អាជ្ញាធរថៃ ដែលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន ផ្លូវ និងការដំឡើងរូបសំណាកជាបន្តបន្ទាប់។ ក្រសួងវប្បធម៌ បន្តថា ជាការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនេះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាផងដែរ។

ថៃដោតទង់ជាតិខ្លួន និងរៀបចំពិធីសង្ក្រាន្តនៅប្រាសាទខ្មែរតាមព្រំដែន។ 
ថៃដោតទង់ជាតិខ្លួន និងរៀបចំពិធីសង្ក្រាន្តនៅប្រាសាទខ្មែរតាមព្រំដែន។ 

ក្រសួងវប្បធម៌ ហៅសកម្មភាពទាំងនេះរបស់ភាគីថៃ ថាជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាមួយគ្នា ក្រសួងវប្បធម៌ ថែមទាំងទាញយកឯកសារអន្តរជាតិជាច្រើនមកបង្ហាញឱ្យថៃបើកភ្នែកមើលផងដែរថា សកម្មភាពទាំងអស់ខាលើ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀមឆ្នាំ១៩០៧, ផែនទីព្រំដែនបង្កើតឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម, អនុស្សរណៈយោគយល់ឆ្នាំ២០០០, លក្ខខណ្ឌយោងឆ្នាំ២០០៣, ធម្មនុញ្ញអង្គការសហប្រជាជាតិ, និងអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ជាដើម។

ថៃដោតទង់ជាតិខ្លួននៅប្រាសាទខ្មែរតាមព្រំដែន។
ថៃដោតទង់ជាតិខ្លួននៅប្រាសាទខ្មែរតាមព្រំដែន។

ក្រសួងវប្បធម៌ អំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ ព្រមទាំងដកកងកម្លាំងប្រដាប់អាវុធ ភ្នាក់ងារ និងឧបករណ៍ទាំងអស់ចេញពីតំបន់ប្រាសាទ និងទីតាំងនានារបស់កម្ពុជា។ ក្រសួងវប្បធម៌ អះអាងថា កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ហើយអំពាវនាវឱ្យភាគីថៃចូលរួមអនុវត្តកិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិដែលមានស្រាប់៕ 

យោធាឈ្លានពានថៃ ស្រាស់បន្លាលួសព័ទ្ធប្រាសាទខ្មែរនៅតាមព្រំដែន។ 
យោធាឈ្លានពានថៃ ស្រាស់បន្លាលួសព័ទ្ធប្រាសាទខ្មែរនៅតាមព្រំដែន។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត