អេស្ប៉ាញ ជំរុញឱ្យចិនដើរតួនាទីកាន់តែធំក្នុងសណ្តាប់ធ្នាប់ពិភពលោក
ហៀប ស៊ីថេត
8 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ នៅថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បានថ្លែងនៅរដ្ឋធានីប៉េកាំងថា ប្រទេសចិនគួរតែដើរតួនាទីឱ្យបានកាន់តែខ្លាំងក្លាលើបញ្ហាសកល រួមមាន៖ ការប្រែប្រួលអាកាសធាតុ សន្តិសុខ និងការប្រយុទ្ធប្រឆាំងវិសមភាព...។

លោក សាន់ឆេស បានលើកឡើងថា អតុល្យភាពពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប គឺស្ថិតក្នុងស្ថានភាពមួយដែលមិនអាចបន្តទៅមុខរួច។ លោកបានជំរុញឱ្យរដ្ឋធានីប៉េកាំង បើកចំហទីផ្សារសម្រាប់ទំនិញនាំចូលពីអឺរ៉ុប។ លើសពីនេះ លោកបានកត់សម្គាល់ថា អឺរ៉ុបត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ខណៈសហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ចាប់ផ្តើមដកខ្លួនចេញពីតួនាទីដឹកនាំពិភពលោក លើវិស័យជាច្រើន។

 លោក ស៊ី ជីនពីង (ឆ្វេង) និងលោក ផេដ្រូ សាន់ឆេស
លោក ស៊ី ជីនពីង (ឆ្វេង) និងលោក ផេដ្រូ សាន់ឆេស

អេស្ប៉ាញសង្ឃឹមថា នឹងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន ដែលមានចំនួនជិត៥០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ តាមរយៈការជំរុញការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការទាក់ទាញវិនិយោគិនចិន ក្នុងវិស័យបច្ចេកវិទ្យា។ លោក សាន់ឆេស នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារទី១៤ ខែមេសា ដើម្បីពិភាក្សាអំពីជម្លោះអន្តរជាតិ រួមមាន៖ នៅអ៊ុយក្រែន ហ្កាហ្សា និងលីបង់ ដោយជំរុញឱ្យមានការគោរពច្បាប់អន្តរជាតិ។

លោក ផេដ្រូ សាន់ឆេស(ឆ្វេង) និងលោក លី ឈាំង
លោក ផេដ្រូ សាន់ឆេស(ឆ្វេង) និងលោក លី ឈាំង

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនេះ កើតឡើងស្របពេលមេដឹកនាំលោកខាងលិចជាច្រើន បានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ចំពេលមានភាពមិនច្បាស់លាស់នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត