
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពសហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការបិទខ្ទប់ផ្លូវទឹកឆ្ពោះទៅកាន់កំពង់ផែនានារបស់ប្រទេសអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានគំរាមសងសឹកវិញទៅលើកំពង់ផែរបស់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្ទ បន្ទាប់ពីកិច្ចចរចានៅប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាមបានបរាជ័យ។

តម្លៃប្រេងបានហក់ឡើងវិញដល់១០០ដុល្លារក្នុងមួយបារ៉ែល ដោយសារក្ដីបារម្ភលើការបិទច្រកសមុទ្ទហ័រមូស្ស និងភាពមិនច្បាស់លាស់នៃកិច្ចព្រមព្រៀងឈប់បាញ់។ លោក ត្រាំ បានបញ្ជាក់ថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោកដាច់ខាតមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ។ លោកក៏បានព្រមានថា រាល់នាវាវាយប្រហារលឿនៗរបស់អ៊ីរ៉ង់ ដែលចូលទៅជិតការបិទខ្ទប់របស់អាម៉េរិក នឹងត្រូវកម្ទេចចោលភ្លាមៗ។ អនុប្រធានាធិបតីអាម៉េរិក ជេឌី វ៉ាន់ បានដឹកនាំគណៈប្រតិភូអាម៉េរិកជួបពិភាក្សាផ្ទាល់ជាមួយអ៊ីរ៉ង់ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ ប៉ុន្តែលោក វ៉ាន់ អះអាងថា មានសញ្ញាល្អខ្លះៗ បើទោះបីជាអ៊ីរ៉ង់មិនទាន់យល់ព្រមតាមលក្ខខណ្ឌដកសម្ភារៈនុយក្លេអ៊ែរចេញក៏ដោយ។

បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តចំពោះនាវាគ្រប់ជាតិសាសន៍ដែលចូល ឬចេញពីកំពង់ផែអ៊ីរ៉ង់ ប៉ុន្តែវានឹងមិនរារាំងដល់ការធ្វើដំណើររបស់នាវាអព្យាក្រិត ដែលឆ្លងកាត់ច្រកសមុទ្ទហ័សមូស្សទៅកាន់គោលដៅផ្សេងទៀតនោះទេ។ យ៉ាងណា ប្រទេសអង់គ្លេស និងបារាំង បានបដិសេធមិនចូលរួមក្នុងការបិទខ្ទប់នេះទេ ដោយសង្កត់ធ្ងន់លើតម្រូវការបើកផ្លូវទឹកឡើងវិញតាមរយៈមធ្យោបាយផ្សេងៗ។ ចំណែកខាងអ៊ីរ៉ង់វិញ បានចាត់ទុកសកម្មភាពរបស់អាម៉េរិកថាជាចោរកម្ម និងព្រមានថា ប្រសិនបើកំពង់ផែអ៊ីរ៉ង់មិនមានសុវត្ថិភាព នោះគ្មានកំពង់ផែណាមួយនៅក្នុងតំបន់ឈូងសមុទ្ទមានសុវត្ថិភាពដូចគ្នាដែរ៕



