លួងចិត្តតាមរយៈសេដ្ឋកិច្ច៖ ចិនបញ្ចេញយុទ្ធសាស្ត្រថ្មី១០ចំណុច ទាក់ទាញចិត្តពលរដ្ឋតៃវ៉ាន់ឱ្យងាកមកចុះចូលជាមួយ
N
Nary Vann
10 ម៉ោងមុន

រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលប៉េកាំង បានប្រកាសដាក់ចេញនូវវិធានការលើកទឹកចិត្តថ្មីចំនួន១០ចំណុច សម្រាប់កោះតៃវ៉ាន់ នៅថ្ងៃទី១២ ខែមេសានេះ ក្នុងបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែស្អិតល្មួត...។

លោកស្រី ចឹង លីវ៉ុ​ន និងលោក ស៊ី ជីនពីង 
លោកស្រី ចឹង លីវ៉ុ​ន និងលោក ស៊ី ជីនពីង 

យុទ្ធសាស្ត្រការទូតទឹកឃ្មុំនេះ កើតឡើងភ្លាមៗបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ចឹង លីវ៉ុន (Cheng Li-wun) ប្រធានគណបក្សគួមីនតាំង ដែលជាបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់ ទើបនឹងបានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួ (Xinhua) វិធានការទាំង១០នេះ រួមមាន៖ ការសម្របសម្រួលឱ្យមានការហោះហើរពេញលេញឡើងវិញរវាងភាគីទាំងពីរ ការអនុញ្ញាតឱ្យប្រជាជនចិនពីទីក្រុងស៊ាងហៃ និងខេត្តហ្វូជាន អាចទៅកម្សាន្តនៅតៃវ៉ាន់ និងការបើកចំហឱ្យមានការនាំចូលផលិតកម្មកម្សាន្តដូចជា រឿងភាគទូរទស្សន៍ ភាពយន្តឯកសារ និងគំនូរជីវចលពីតៃវ៉ាន់ (ឱ្យតែមានខ្លឹមសារល្អ និងត្រឹមត្រូវតាមទិសដៅរបស់ចិន)។ បន្ថែមពីនេះ ចិនក៏បានយល់ព្រមបន្ធូរបន្ថយស្ដង់ដារត្រួតពិនិត្យលើផលិតផលអាហារ និងជលផលពីតៃវ៉ាន់ផងដែរ ប៉ុន្តែបានសង្កត់ធ្ងន់ថា អត្ថប្រយោជន៍ទាំងនេះអាចកើតមានទៅបាន លុះត្រាតែផ្អែកលើមូលដ្ឋាននយោបាយប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលតៃវ៉ាន់របស់លោកប្រធានាធិបតី ឡៃ ជីងតេ (Lai Ching-te) មិនទាន់មានប្រតិកម្មណាមួយឡើយ។ កន្លងមក តៃវ៉ាន់ជឿថា ចិនបានប្រើប្រាស់បញ្ហាទេសចរណ៍ និងការរឹតត្បិតលើការនាំចូលកសិផល ធ្វើជាឧបករណ៍នយោបាយ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្ន ដែលចិនមិនចូលចិត្ត។ ការដែលរដ្ឋធានីប៉េកាំងសុខចិត្តផ្ដល់ភាពអនុគ្រោះនៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងបង្ហាញឱ្យប្រជាជនតៃវ៉ាន់ឃើញថា ទំនាក់ទំនងជាមួយបក្សប្រឆាំងនឹងនាំមកនូវផលចំណេញសេដ្ឋកិច្ច ខណៈការដើរតាមរដ្ឋាភិបាលបច្ចុប្បន្ន នឹងនាំមកនូវតែសម្ពាធយោធា និងការបិទខ្ទប់សេដ្ឋកិច្ចតែប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត