ចរចាបរាជ័យ! អាម៉េរិកបញ្ជាឱ្យបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ទាំងស្រុង
ហៀប ស៊ីថេត
20 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃចន្ទទី១៣ ខែមេសានេះបានប្រកាសថា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមបិទខ្ទប់ច្រកសមុទ្ទហ័រមូស្ស ជាពិសេស គឺបិទផ្លូវនាវាដែលចេញ-ចូលកំពង់ផែអ៊ីរ៉ង់។ វិធានការនេះកើតឡើងបន្ទាប់ពីកិច្ចពិភាក្សាដ៏តានតឹងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម មិនទទួលជោគជ័យ...។

 ប្រធានាធិបតីដូណាល់ ត្រាំ
ប្រធានាធិបតីដូណាល់ ត្រាំ

បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក (ឬ CENTCOM) បានបញ្ជាក់ថា ខ្លួននឹងរារាំងរាល់នាវាចរទាំងអស់ដែលចូល ឬចាកចេញពីកំពង់ផែអ៊ីរ៉ង់ ចាប់ពីម៉ោង១០ព្រឹក (ម៉ោងនៅសហរដ្ឋអាម៉េរិក) ពោលគឺចាប់ពីថ្ងៃចន្ទនេះតទៅ។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក នឹងមិនរារាំងនាវាដែលឆ្លងកាត់ច្រកសមុទ្ទនេះ ដើម្បីទៅកាន់កំពង់ផែនៃប្រទេសផ្សេងៗទៀតនោះទេ។ ជុំវិញរឿងរ៉ាវខាងលើ ឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានចេញសារព្រមានតបវិញភ្លាមៗ..ថា រាល់នាវាចម្បាំងណាដែលចូលមកក្បែរច្រកសមុទ្ទហ័រមូស្ស នឹងត្រូវចាត់ទុកជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយនឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងខ្លាំងក្លា។

ទោះបីជាស្ថានភាពតានតឹងក៏ដោយ លោក ត្រាំ នៅតែមានជំនឿចិត្តថា អ៊ីរ៉ង់នឹងត្រលប់មកតុចរចាម្ដងទៀត ដោយសារពួកគេគ្មានជម្រើសច្រើន។ ជាការឆ្លើយតប ប្រធានសភាអ៊ីរ៉ង់ លោក មហាម៉ាត់ បាកឺ កាលីបាហ្វ (Mohammad Baqer Qalibaf) បានលើកឡើងថា ការគំរាមកំហែងរបស់លោក ត្រាំ នឹងមិនមានប្រសិទ្ធភាពឡើយ ហើយលោកថែមទាំងព្រមានធ្ងន់ៗវិញថា៖«ប្រសិនបើអ្នកចង់ច្បាំង យើងនឹងច្បាំង ប៉ុន្តែបើចង់និយាយគ្នាដោយហេតុផល យើងនឹងដោះស្រាយតាមហេតុផល»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត