ប៉ាគីស្ថានដាស់តឿនអាម៉េរិក និងអ៊ីរ៉ង់ ឱ្យរក្សាបទឈប់បាញ់ បន្ទាប់ពីការចរចាដើរដល់ផ្លូវទាល់ច្រក
N
Nary Vann
8 ម៉ោងមុន

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលប៉ាគីស្ថាន បានចេញមុខអំពាវនាវយ៉ាងទទូចឱ្យមេដឹកនាំសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បន្តរក្សាបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ បន្ទាប់ពីកិច្ចចរចាសន្តិភាពកម្រិតខ្ពស់រយៈពេលពីរថ្ងៃនៅរដ្ឋធានីអ៊ីស្លាម៉ាបាដនាថ្ងៃទី១២ ខែមេសានេះ បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយទទួលបានលទ្ធផល...។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក អ៊ីសាក ដារ (Ishaq Dar) ដែលជាអ្នកសម្របសម្រួលកិច្ចចរចាជាប្រវត្តិសាស្ត្រនេះ បានថ្លែងថា៖«វាជារឿងចាំបាច់បំផុតដែលភាគីទាំងពីរ ត្រូវបន្តគោរពតាមការប្តេជ្ញាចិត្តនៃបទឈប់បាញ់ ដើម្បីបញ្ចៀសការធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី»។ លោកសង្កត់ធ្ងន់ថា៖«ប៉ាគីស្ថាននឹងមិនបោះបង់ចោលកិច្ចខិតខំប្រឹងប្រែងឡើយ ហើយនឹងបន្តដើរតួនាទីជាស្ពានចម្លងដើម្បីឱ្យមានការសន្ទនារវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីតេហេរ៉ង់ នៅថ្ងៃខាងមុខទៀត»

លោក អ៊ីសាក ដារ
លោក អ៊ីសាក ដារ

ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានព្យាយាមសម្រាលសភាពការណ៍ ដោយបញ្ជាក់ថា ពិភពលោកមិនគួររំពឹងលើការដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃនេះ ត្រឹមតែការចរចាមួយលើកនោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្មាអែល បាកៃ (Esmaeil Baqaei) បានលើកឡើងថា វាជារឿងធម្មតាដែលការចរចាត្រូវប្រើពេលវែងឆ្ងាយ ប៉ុន្តែអ្វីដែលសំខាន់ គឺទំនាក់ទំនងរវាងអ៊ីរ៉ង់ ប៉ាគីស្ថាន និងមិត្តភក្តិក្នុងតំបន់ នឹងនៅតែបន្តដើម្បីរកផ្លូវចេញ។ ចំណែកសហគមន៍អន្តរជាតិវិញ ក៏បានសម្ដែងការព្រួយបារម្ភចំពោះការជាប់គាំងនេះផងដែរ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ (Penny Wong) បានលើកឡើងថា វាជារឿងគួរឱ្យខកចិត្តដែលកិច្ចចរចាបញ្ចប់ទៅដោយគ្មានលទ្ធផល ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា អាទិភាពបំផុតនៅពេលនេះ គឺការបន្តបទឈប់បាញ់ និងការវិលត្រឡប់ទៅរកតុចរចាវិញ។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ (Penny Wong)
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននី វង់ (Penny Wong)

សូមរំលឹកថា បទឈប់បាញ់រយៈពេល២សប្តាហ៍ដែលកំពុងអនុវត្តនៅពេលនេះ គឺជាដង្ហើមដ៏សំខាន់សម្រាប់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេល៦សប្តាហ៍ និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងភាពវឹកវរ។ ការជាប់គាំងនៃការចរចានៅប៉ាគីស្ថាននេះ បានធ្វើឱ្យពិភពលោកបន្តតាមដានដោយក្ដីបារម្ភ ថាតើភាគីទាំងពីរនឹងអាចរក្សាសន្តិភាពបណ្ដោះអាសន្ននេះ បានយូរប៉ុណ្ណា?...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត